ទេសរដ្ឋមន្រ្តី លី ធុជ បានអនុញ្ញាតឲ្យឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា



(ភ្នំពេញ)៖
 នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ដែលនឹងចប់អាណត្តិបេសកកម្មការទូតប្រចាំនៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុន ដែលបានចូលរួមក្នុងការដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ក៏ដូចជាបានចូលរួមដល់ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ ក្នុងនោះរាប់បញ្ចូលទាំងការគាំទ្រដល់ការងារសកម្មភាពមីនផងដែរ។

លោកបន្តទៀតថា ការសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្រ្តសម្រាប់សកម្មភាពមីននៅកម្ពុជារយៈពេល ៣០ឆ្នាំនេះ គឺមិនអាចខ្វះបានពីការចូលរួមគាំទ្រពីប្រទេសជប៉ុន ដែលជាដៃគូដ៏លេចធ្លោមួយ។

ទន្ទឹមនឹងនោះ លោកទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ដែលបានកសាងនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំងពីរ ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកនៅព្រះរាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា ដែលថ្មីៗនេះ សកម្មភាពមីន បានឈានដល់របត់មួយដែលមានការចូលរួមពីវិស័យឯកជន និងសប្បុរសជននានា ក្នុងចលនាជាតិរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី តាមរយៈគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។ លោកបន្តទៀតថា មិនត្រឹមតែប៉ុណ្ណឹង រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតនូវមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដោយបានទម្លាក់ថវិកាជាតិចំនួន ៣០លានដុល្លារអាមេរិក ក្នុងផែនការបោសសម្អាតមីន។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានមានប្រសាសន៍ថា លោកមានសេចក្តីសប្បាយរីករាយណាស់ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា និងមានអនុស្សាវរីយ៍ច្រើនជាមួយប្រជាជនកម្ពុជា។

លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ ទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ បានឈានដល់ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយលោកនឹងបន្តជម្រុញឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសជម្រុញឲ្យមានការវិនិយោគកាន់តែច្រើននៅកម្ពុជា៕