UN អោយដឹងថា យ៉ាង​ហោច​ណាស់​មនុស្ស​ ១៦៦​នាក់​បាន​ស្លាប់ ​ក្នុង​អំពើ​ហិង្សា​នៅប្រទេសស៊ូដង់​ខាង​ត្បូង​ ក្នុង​រយៈ​ពេល​៤​ខែ​ចុងក្រោយ

 (ស៊ូដង់)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ​ នៅថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២ គឺ ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បាននិយាយកាលពីថ្ងៃពុធថា​ យ៉ាងហោចណាស់ជនស៊ីវិល ១៦៦នាក់ត្រូវបានសម្លាប់ និង ២៣៧ នាក់ផ្សេងទៀតបានរងរបួសក្នុងរយៈពេល ៤ខែចុងក្រោយនេះ នៅក្នុងការប៉ះទង្គិចគ្នានៅក្នុងរដ្ឋ Upper Nile នៃប្រទេសស៊ូដង់ខាងត្បូង។

លោក​ Turk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការសម្លាប់ទាំងនេះ មកជាមួយនឹង របាយការណ៍នៃអំពើហិង្សាផ្អែកលើយេនឌ័រ ការចាប់ពង្រត់ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងការលួច ប្លន់ គឺជាការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ»។​

រដ្ឋ Upper Nile របស់ស៊ូដង់ខាងត្បូង បានជួបប្រទះអំពើហិង្សាចាប់តាំងពីខែសីហា ដែលធ្វើឲ្យជន ស៊ីវិលធ្វើការផ្លាស់ទីលំនៅរាប់ពាន់នាក់ផងដែរ ដែលភាគច្រើនជាកុមារ និងស្ត្រី នេះបើយោងតាម អង្គការសហប្រជាជាតិ។

លោក Turk បានជំរុញឱ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតភ្លាមៗ ហ្មត់ចត់ និងមិនលំអៀងលើអំពើ ហិង្សានេះ ហើយនាំអ្នកទទួលខុសត្រូវទាំងអស់មកកាត់ទោសស្របតាមច្បាប់អន្តរជាតិ។

លោកក៏បានអំពាវនាវដល់មេដឹកនាំសហគមន៍ និងអ្នកចាស់ទុំ ឱ្យប្រើប្រាស់ឥទ្ធិពលរបស់ពួកគេលើ ក្រុមដែលពាក់ព័ន្ធក្នុងអំពើហិង្សា ដើម្បីបញ្ចប់ការបង្ហូរឈាមផងដែរ៕