(ម៉ានីល)៖ តាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ ២០២២ បញ្ជាក់ថា អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន បាននិយាយនៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ ដោយសារភ្លៀងធ្លាក់ក្នុងថ្ងៃបុណ្យណូអែល នៅភាគខាងត្បូងនៃប្រទេស បានកើនឡើងដល់ ១៣ នាក់ហើយ ខណៈការស្វែងរកអ្នកបាត់ខ្លួន ២៣នាក់កំពុងបន្ត ស្របពេលដែលទឹកជំនន់ចាប់ផ្តើម ស្រកចុះ។
ទីភ្នាក់ងារគ្រោះមហន្តរាយ បាននិយាយថា ករណីស្លាប់ភាគច្រើនគឺបណ្តាលមកពីការលង់ទឹកពីទឹក ជំនន់ភ្លាមៗ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងរយៈពេល ២ថ្ងៃ បានរំខានដល់ការប្រារព្ធពិធីបុណ្យណូអែល និងបានបង្ខំមនុស្សជាង ៤៥,០០០នាក់ ត្រូវជម្លៀសខ្លួនទៅមជ្ឈមណ្ឌលជ្រកកោនបណ្តោះអាសន្ន។

លោក កាមេលីតូ ហឺរាយ (Carmelito Heray) ប្រធានទីភ្នាក់ងារគ្រោះមហន្តរាយ ប្រចាំទីក្រុងក្លារី (Clarin) នៃខេត្តមីសាមីស អូកស៊ីដេនតាល់ (Misamis Occidental) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកយ៉ាងដូច្នេះថា «ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត ហើយការខូចខាតដល់វិស័យកសិកម្ម កំពុងត្រូវបានវាយតម្លៃ»។ រីឯ អភិបាលក្រុងក្លារី (Clarin) លោក អេមេតឺរីយ៉ូ រ៉ូអា (Emeterio Roa) ក៏បានឱ្យដឹងដែរថា «ការខូចខាតដ៏ធំនៅទីនេះគឺសត្វពាហនៈ ពីព្រោះជ្រូក មាន់ ពពែ និងគោ បានបាត់ខ្លួនទៅតាមទឹក»។
គួរបញ្ជាក់ថា មិនមានព្យុះត្រូពិចនៅក្នុងថ្ងៃឈប់សម្រាកដ៏សំខាន់បំផុត របស់ប្រទេសកាន់សាសនា កាតូលិកមួយនេះទេ ប៉ុន្តែខ្សែបន្ទាត់កាត់តំបន់ដែលជាខ្យល់ក្តៅ និងត្រជាក់ ប៉ះគ្នា បណ្តាលឲ្យមាន ភ្លៀងធ្លាក់នៅភាគខាងត្បូងប្រទេស៕

































