(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមា កម្ពស់១០៨ម៉ែត្រ នៅលើខ្នងភ្នំ បូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ខេត្តកំពត នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ។

រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ឱ្យក្រុមហ៊ុន សុខា អូតែល សាងសង់ព្រះពុទ្ធប្បដិមា កម្ពស់១០៨ម៉ែត្រ លើខ្នងភ្នំបូកគោ ស្ថិតនៅក្នុងភូមិសាស្ត្រវាលស្រែ៥០០ នៃឧទ្យានជាតិព្រះមុនី វង្ស «បូកគោ» ដោយគោរពទៅតាមប្លង់មេ និងរចនាប័ទ្មដែលក្រុមការងារអន្តរក្រសួងបានសម្រេច ឯកភាព ដោយមានការគាំទ្រពីគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។
ការសាងសង់ព្រះពុទ្ធប្បដិមានេះ នឹងចូលរួមចំណែកលើកកម្ពស់ការគោរពព្រះពុទ្ធសាសនាក្នុង ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបង្កើតនូវសក្តានុពលទេសចរណ៍ថ្មីមួយទៀត នៃឧទ្យានជាតិ ព្រះមុនីវង្ស «បូកគោ»។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអុជធូប ថ្វាយគ្រឿងសក្ការៈបូជាដេីម្បីសូមសេចក្តីសុខ សេចក្តីចម្រេីនពីលោកយាយម៉ៅ និងអ្នកតាភ្នំ ស្ថិតនៅក្រុងបូកគោ ខេត្តកំពតផងដែរ។
ក្រុមហ៊ុនសុខាអូតែល ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល នឹងសាងសង់ រូបសំណាកព្រះពុទ្ធប ដិមាទ្រង់ព្រះភ្នែនដ៏ធំ នៅលើខ្នងភ្នំបូកគោ ក្នុងតំបន់វាលស្រែ៥០០ ដែលមានកំពស់រហូតដល់ ១០៨ម៉ែត្រ ដែលព្រះពុទ្ធបដិមានឹងក្លាយជាព្រះពុទ្ធបដិមា ទ្រង់ព្រះភ្នែនខ្ពស់ជាងគេនៅលើពិភព លោក។
អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល បានបញ្ជាក់ថា គោលបំណងនៃការសាងសង់ រូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះ ដើម្បីជាទីសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តម សម្រាប់បងប្អូនប្រជាពល រដ្ឋខ្មែរយើង និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ ដល់ប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងតំបន់នេះ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាំង មូល៕

































