(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការធ្វើបច្ចុប្បន្នភាព លើកិច្ចព្រមព្រៀងសហប្រតិបត្តិ ការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីនីតិវិធីប្រតិ បត្តិបទដ្ឋានក្នុងការកំណត់អត្តសញ្ញាណ និងការធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះដោយអំពើជួញដូរ មនុស្ស។
ពិធីនេះ បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងឯកឧត្តម រដ្ឋមន្ត្រី វង សូត, លោក គង់ សូភណារ៉ា ទីប្រឹក្សា ក្រសួង ស.អ.យ, លោក ពុំ បូរ៉ាត ទីប្រឹក្សាក្រសួង ស.អ.យ, លោក យូ សុភ័ក្រ ប្រធាន នាយកដ្ឋាន គាំពារជនរងគ្រោះ, លោក ឯក សំអុល ប្រធានគម្រោង តំណាងអង្គការទេសន្តរ ប្រវេសន៍ ព្រមទាំង មានការចូលរួមពីប្រធានអង្គភាព ស្ថាប័ន ប្រធានអង្គការ ឬតំណាងអង្គការ ស្ថាប័នដៃគូអភិវឌ្ឍន៍ និងអង្គការពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះដែរ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានថ្លែងអំណរគុណចំពោះអង្គការ ទេសន្តរប្រវេសន៍ អន្តរជាតិ (អាយ អូ អឹម) ដែលតែងតែសហការយ៉ាងជិតស្និទជាមួយក្រសួងសង្គមកិច្ច លើវិស័យ សង្គមកិច្ចកន្លងមកដែលមាននាយកដ្ឋានគាំពារជនរងគ្រោះជាសេនាធិការ។ ជាពិសេសថ្ងៃនេះបានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការធ្វើបច្ចុប្បន្នភាព លើ កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីនីតិវិធីប្រតិបត្តិបទដ្ឋានក្នុងការកំណត់អត្តសញ្ញាណ និងការធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះដោយអំពើជួញដូរមនុស្សនេះ។

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចរូបនេះ បានបន្តថា ជាការពិតណាស់ឯកសារមួយនេះ (នីតិវិធីប្រតិ បត្តិបទដ្ឋានក្នុងការកំណត់អត្តសញ្ញាណ និងការធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះដោយអំពើជួញ ដូរមនុស្ស) បានកើតឡើងតាំងពីឆ្នាំ២០០៩ រហូតមកដល់ពេលនេះ មានរយៈពេលជាង ១៣ឆ្នាំ កន្លងផុតទៅហើយ ដែលជាហេតុតម្រូវឱ្យភាគីនៃប្រទេសទាំងពីរ ត្រូវតែធ្វើបច្ចុប្បន្នភាពឡើងវិញនូវ SOP មួយនេះ។
ឯកឧត្តម បានបញ្ជាក់ថា អំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្ស បានកើតឡើង និង កំពុងរីកសាយភាយគ្រប់ទីកន្លែង គ្រប់រូបភាពភាគច្រើនជាឧក្រិដ្ឋកម្ម ឆ្លងដែន ដែលមានអង្គការ ចាត់តាំងហើយឧក្រិដ្ឋកម្មនេះបានធ្វើឱ្យប៉ះពាល់ទាំងថ្នាក់ជាតិ តំបន់ និងលើពិភពលោក។

ត្រង់ចំណុចនេះ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានគូសបញ្ជាក់ថា បញ្ហានេះប្រទេសកម្ពុជាបាននឹងកំពុង បង្កើតរៀបចំចងក្រងផ្សព្វផ្សាយ អនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្ត កិច្ចព្រមព្រៀង ទ្វេភាគី ពហុភាគី និងយន្តការនានាសំដៅប្រយុទ្ធប្រឆាំង និងចូលរួមទប់ស្កាត់ និងកាត់បន្ថយឱ្យ បានជាអតិបរិមានូវអំពើជួញដូរមនុស្សទាំងក្នុងក្របខ័ណ្ឌជាតិ តំបន់ និងលើពិភពលោក ពិសេស ជាងនោះទៅទៀត ការសម្របសម្រួលក្នុងកំណត់អត្តសញ្ញាណបឋម ការផ្តល់សេវា ការរៀបចំធ្វើ មាតុភូមិនិវត្តន៍ ដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស គឺជាចំណុចដ៏សំខាន់ដែលប្រទេសជា ម្ចាស់ហត្ថលេខីទាំងអស់នៃសន្ធិសញ្ញាស្តីពីការលុបបំបាត់ និងបង្រ្កាបអំពើជួញដូរមនុស្សត្រូវតែ អនុវត្តឱ្យបានពេញលេញនិងផ្តល់សេវាដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្សដោយមិនប្រកាន់និន្នាការនោះឡើយ។

ក្នុងបរិបទនេះ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា ការចូលរួមក្រុមការងារបច្ចេកទេស (អ្នកអនុវត្ត ជាក់ស្តែង) របស់លោក លោកស្រី និងធ្វើឱ្យសិក្ខាមួយនេះមានអត្ថន័យ ក្នុងចូលរួមមតិយោបល់ ធាតុចូលផ្សេងៗ ដើម្បីជាប្រយោជន៍ដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងរំលោភបំពាន ផ្លូវភេទពិសេសស្រី្ត និងកុមាររងគ្រោះដោយអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទនៅកម្ពុជា ឬនៅប្រទេសគោលដៅណាមួយ។
បន្ថែមពីនេះ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថាឯកសារនេះនឹងក្លាយជាម ធ្យោបាយសម្រាប់ការអនុវត្តការងារជាក់ស្តែងប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងជាជំនួយស្មារតី ដល់អ្នកផ្តល់សេវាថែទាំជនរងគ្រោះ ពិសេសការកំណត់អត្តសញ្ញាណបឋម ការផ្តល់សេវា និង ការសម្របសម្រួលក្នុងការធ្វើមាតុភូមិនិវត្តជនរងគ្រោះនៃជនជាតិទាំងពីរប្រទេស គឺកម្ពុជា និងវៀតណាម៕
































