(មូស្គូ)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣ គឺ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក អាន់ដ្រេ រូដិនកូ (Andrei Rudenko) បានប្រាប់ ទីភ្នាក់ងារព័ត៌មានរដ្ឋនៅថ្ងៃអង្គារនេះថា «ជំហរប្រឆាំងរុស្ស៊ី» របស់ប្រទេសជប៉ុនធ្វើឲ្យកិច្ចចរចា សន្ធិសញ្ញាសន្តិភាពមិនអាចទៅរួចទេ។

រុស្ស៊ី និងជប៉ុន មិនទាន់បញ្ចប់ជាផ្លូវការនូវអរិភាពនៃសង្គ្រាមលោកលើកទី២ ដោយសារតែការ ប្រឈមមុខដាក់គ្នាជុំវិញទីប្រជុំកោះ ដែលត្រូវបានរឹបអូសដោយអតីតសហភាពសូវៀត នៅចុង បញ្ចប់នៃសង្រ្គាម ដែលស្ថិតនៅជិតកោះហុកកៃដូ (Hokkaido) ភាគខាងជើងនៃប្រទេសជប៉ុន។ កោះនេះត្រូវបានគេស្គាល់នៅក្នុងប្រទេសរុស្ស៊ីថា ជាកោះគូរីល (Kuril) និងនៅប្រទេសជប៉ុន ជាដែនដីភាគខាងជើង។
ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS លោក រូដិនកូ បានគូសបញ្ជាក់ថា «វាច្បាស់ណាស់ថាមិនអាចទៅរួចទេក្នុងការពិភាក្សាអំពីការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព ជាមួយប្រទេសដែលប្រកាន់ជំហរអរិភាព និងអនុញ្ញាតឲ្យមានការគំរាមកំហែងដោយផ្ទាល់ប្រឆាំង នឹងប្រទេសរបស់យើង។ យើងមិនឃើញមានសញ្ញាណាមួយដែលទីក្រុងតូក្យូ នឹងងាកចេញពីផ្លូវ ប្រឆាំងចំពោះរុស្ស៊ី ឬការប៉ុនប៉ងណាមួយដើម្បីកែតម្រូវស្ថានភាពនោះទេ»៕































