(ម៉ានីល)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា រដ្ឋាភិបាលបាននិយាយឲ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្សជាង ៣៣,០០០នាក់បាន ផ្លាស់ទីលំនៅ ដោយសារទឹកជំនន់ដែលបានសម្លាប់មនុស្សចំនួន ៥១នាក់នៅ ក្នុងប្រទេសហ្វីលីពីន កាលពីសប្តាហ៍មុន ខណៈពួកគេកំពុងស្ថិតក្នុងជម្រកបណ្តោះអាសន្ននៅ ឡើយ។ នាយកដ្ឋានសុខុមាលភាពសង្គម និងការអភិវឌ្ឍន៍បាននិយាយថា អ្នកជម្លៀសទាំងនេះ មកពីតំបន់ចំនួនប្រាំ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ ដែលបានវាយប្រហារ ប្រទេសប្រជុំកោះមួយនេះនៅថ្ងៃបុណ្យណូអែល។

ក្រុមប្រឹក្សាកាត់បន្ថយនិងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិបាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥១នាក់ហើយ ហើយអាជ្ញាធរកំពុងស្វែង រកអ្នកបាត់ខ្លួនចំនួន ១៩នាក់ទៀត។
ទឹកជំនន់បានបង្ខំឱ្យរដ្ឋាភិបាលផ្លាស់ទីមនុស្សជិត ៦០០,០០០នៅ ក្នុងតំបន់ចំនួន ១០នៅទូទាំង ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ទៅកាន់កន្លែងសុវត្ថិភាព។
ហ្វីលីពីនគឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលងាយរងគ្រោះនឹងគ្រោះមហន្តរាយបំផុត នៅទូទាំងពិភពលោក ភាគច្រើនដោយសារតែទីតាំងរបស់ខ្លួននៅក្នុងរង្វង់ភ្លើងប៉ាស៊ីហ្វិក និងខ្សែ ក្រវាត់ព្យុះទីហ្វុងប៉ាស៊ីហ្វិក។ ជាមធ្យម ប្រទេសនេះជួបប្រទះព្យុះទីហ្វុងចំនួន ២០ក្នុងមួយឆ្នាំ ដែលមួយចំនួនមានកម្លាំងខ្លាំង និងបំផ្លិចបំផ្លាញ៕

































