ប្រធានាធិបតីហ្វីលីពីន ធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបលោក ស៉ី ជិនពីង រួមទាំងពិភាក្សាពីបញ្ហាសមុទ្រចិនខាងត្បូង

(ម៉ានីល)៖  តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣ អោយដឹងថា ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃអង្គារនេះ សម្រាប់ការបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ ជាពេលដែលលោកត្រូវបានគេរំពឹងថា នឹងពិភាក្សាលើបញ្ហាជាច្រើន រួមទាំងបញ្ហា វិវាទនៅសមុទ្រចិនខាងត្បូង ផងដែរ។

នៅមុនពេលចេញដំណើរ លោក ម៉ាកូស បានថ្លែងថា លោកទន្ទឹងរង់ចាំជួបជាមួយប្រធានាធិបតី លោក ស៉ី ជិនពីង ហើយថាបញ្ហាដែលបានកើតឡើង គឺមិនមែនជាបញ្ហារបស់ប្រទេសជាមិត្តដូច យើងទាំងពីរនោះទេ។ កាលពីសប្តាហ៍មុន មន្ត្រីក្រសួងការបរទេសហ្វីលីពីនបាននិយាយថា កិច្ច ពិភាក្សារវាងលោក ម៉ាកូស ជាមួយលោក ស៉ី នឹងរួមបញ្ចូលសកម្មភាពរបស់ចិន នៅក្នុងសមុទ្រចិន ខាងត្បូង ផងដែរ។

ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) កាលពីសប្តាហ៍មុន មិនបានលើកឡើងពី សមុទ្រចិនខាងត្បូងទេ ប៉ុន្តែបាននិយាយថា ដំណើរទស្សនកិច្ចនេះ នឹងផ្តោត លើការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅ លើទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់ និងអន្តរជាតិ ដែលជា កង្វល់រួម។

គួរបញ្ជាក់ថា ប្រសិនបើមិនមានការប្រែប្រួលទេ នេះនឹងក្លាយជាជំនួបទល់មុខគ្នាលើកទីពីររវាង លោក ម៉ាកូស និងលោក ស៊ី បន្ទាប់ពីកិច្ចប្រជុំកាលពីខែវិច្ឆិការបស់មេដឹកនាំទាំងពីរនៅក្នុងប្រទេស ថៃ ហើយកើតឡើងចំពេលដែលហ្វីលីពីន បានលើកឡើងពីការព្រួយបារម្ភលើសកម្មភាពរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង៕