(វ៉ាសូវី)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ អោយដឹងថា ប្រទេសប៉ូឡូញ បានសម្រេចចិត្តនឹងបញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់ខ្លារខិន ឡេអូផាត (Leopard) ទៅឱ្យអ៊ុយក្រែន ក្រោមក្របខណ្ឌនៃក្រុមចម្រុះអន្តរជាតិមួយ ខណៈទីក្រុង វ៉ាសូវី កំពុងព្យាយាមដើរតួនាទីជាអ្នកនាំមុខគេក្នុងការសម្រេចឱ្យបាននូវការមូលមតិជាឯកច្ឆន្ទ នៅ ក្នុងចំណោមបណ្ដាប្រទេសលោកខាងលិច លើការបញ្ជូន អាវុធធុនធ្ងន់ដល់ទីក្រុងកៀវ។
ទីក្រុងកៀវបានស្នើសុំម្ដងហើយម្ដងទៀតឱ្យបណ្ដាប្រទេសលោកខាងលិចបញ្ជូនអាវុធធុនធ្ងន់មកឱ្យទាហានរបស់ខ្លួន ដូចជារថក្រោះប្រយុទ្ធខ្លារខិនឡេអូផាត២ (Leopard 2) ផលិតដោយអាល្លឺម៉ង់ ដែលនឹងក្លាយជានិមិត្តរូបមួយដ៏សំខាន់នៃការប្ដេជ្ញាចិត្តគាំទ្រពិតប្រាកដរបស់លោកខាងលិចចំពោះអ៊ុយក្រែន។

ថ្លែងនាឱកាសបំពេញដំណើរទស្សនកិច្ចនៅឯទីក្រុងល្វីវ (Lviv) ស្ថិតនៅភាគខាងលិចប្រទេសអ៊ុយ ក្រែន នៅថ្ងៃពុធសប្ដាហ៍នេះ ប្រធានាធិបតីប៉ូឡូញ លោក អាន់ហ្សិច ឌូដា (Andrzej Duda) បាន បញ្ជាក់ថាអង្គភាពរថក្រោះ Leopard នឹងត្រូវប្រគល់ជូន ក្រោមក្របខណ្ឌនៃក្រុមចម្រុះអន្តរជាតិ មួយដែលប្រសិនជាត្រូវបានបង្កើតឡើង។ លោកបន្តថាលោកផ្ទាល់ក៏មានការរំពឹងដែរថា រថក្រោះ ប៉ូឡូញ និងរថក្រោះនៃបណ្ដាប្រទេសដទៃទៀតនឹងទៅដល់អ៊ុយក្រែនឆាប់ៗនេះ។
លោក ឌូដា មិនបានឱ្យដឹងថាតើរថក្រោះខ្លារខិនឡេអូផាត២ (Leopard 2) ចំនួនប៉ុន្មានគ្រឿង ដែលស្ថិតនៅក្នុងផែនការបញ្ជូនឱ្យអ៊ុយក្រែននោះទេ ប៉ុន្តែ ជាធម្មតា អង្គភាពរថក្រោះមួយមាន រថក្រោះប្រហែល ១៤គ្រឿង៕

































