(ភ្នំពេញ)៖ ក្រោយបន្តជាប់ឆ្នោត ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញ សម្រាប់ អាណត្តិថ្មី អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីដ៏ល្បីឈ្មោះរបស់កម្ពុជា ដែលមានមុខជំនួញជាច្រើន ក្នុងដៃនោះ បានប្ដេជ្ញាចិត្ដ នឹងខិតខំធ្វើយ៉ាងម្ដេច ដើម្បីដឹកនាំសភាពាណិជ្ជកម្ម ឲ្យបានកាន់តែល្អ ប្រសើរជាងមុន។
ការប្ដេជ្ញាបែបនេះ របស់អ្នកឧកញ៉ា គិត ម៉េង ធ្វើឡើងក្នុងកម្មវិធីបិទ ការបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម រាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និងសភាពាណិជ្ជ កម្មកម្ពុជា អាណត្តិទី៥។ ពិធីនេះ រៀបចំធ្វើឡើង នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្ម រាជធានី ភ្នំពេញ-កម្ពុជា នាល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ។

ពិធីនេះ មានការចូលរួមពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃនាយកដ្ឋានអភិវឌ្ឍន៍ វិស័យជន និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលសមាជិក ជ្រើសតាំង ក្នុងអាណត្តិ និងអាណត្តិថ្មី។
អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំប្ដេជ្ញាចិត្ដ នឹងខិតខំធ្វើយ៉ាងម្ដេច ដើម្បីឲ្យបានល្អជាងមុន ដែលបានការដឹកនាំខ្វះខាតកន្លងមក […] ខិតខំធ្វើការឲ្យល្អឡើង ដើម្បីការពារផល ប្រយោជន៍អ្នករកស៊ី»។
ទន្ទឹមគ្នានេះ អ្នកឧកញ៉ា គិត ម៉េង បានឲ្យដឹងផងដែរថា រូបលោកផ្ទាល់មួយរូប ជាប្រធានសភា ពាណិជ្ជកម្ម លោកមិនអាចទៅដោះស្រាយបញ្ហា បានទាំងអស់នោះទេ ទាល់តែមានការគាំទ្រ ពីក្រសួងពាណិជ្ជកម្ម អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធទាំងអស់។

អ្នកឧកញ៉ា គិត ម៉េង ក៏បានថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជានិច្ចកាល តែងតែលើកទឹកចិត្ដ និងគាំទ្រ សភាពាណិជ្ជកម្ម បានដំណើរការរលូនរហូតមក ដល់ នាពេលបច្ចុប្បន្ន និងសូមអរគុណដល់អាជ្ញាធរដែនដីទាំងអស់ ដែលកន្លងមកបានជួយសហការ ឲ្យសភាពាណិជ្ជកម្មកម្ពុជា បានបំពេញតួនាទី តាមរាជរដ្ឋាភិបាលប្រគល់ជូន។
ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងដែរថា ការចូលរួមរបស់អាជីវករទាំងអស់ បង្ហាញ ពីសេចក្ដីទុកចិត្ដ មកដល់សភាពាណិជ្ជកម្ម ឲ្យខិតខំធ្វើយ៉ាងណា ឲ្យមានផលប្រយោជន៍ ដល់ អាជីវករទូទាំងរាជធានីភ្នំពេញ និងទូទាំងប្រទេសកម្ពុជា។

សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសតាំង ប្រធានសភាពាណិជ្ជកម្ម រាជធានីភ្នំពេញ អ្នកឧក ញ៉ា គិត ម៉េង បានទទួលសំឡេងគាំទ្រយ៉ាងលើសលុប ៣៩លើ៤០សំឡេង។ ដោយឡែក សម្រាប់ការបោះឆ្នោតជ្រើសតាំង ប្រធានសភាពាណិជ្ជកម្មកម្ពុជាវិញ អ្នកឧកញ៉ា គិត ម៉េង ទទួល បានការគាំទ្រ ដោយសំឡេង ១៥លើ១៨សំឡេង។
អ្នកឧកញ៉ា គិត ម៉េង បានកាន់កាប់តំណែងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញ នេះ មានរយៈពេល១៨ឆ្នាំមកហើយ ពេលនេះលោកត្រូវបានសមាជិកបោះឆ្នោត ឲ្យបន្តដឹកនាំសភា ពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញ សម្រាប់អាណត្តិថ្មី សម្រាប់រយៈពេល៣ឆ្នាំបន្តទៀត៕

































