(បាងកក)៖ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានអោយដឹងថា ប្រទេសថៃនឹងអនុញ្ញាត ឱ្យធនាគារនិម្មិតដំបូងរបស់ខ្លួនផ្តល់សេវាកម្មនៅឆ្នាំ២០២៥ ក្នុងគ្រាដែលមានការជំរុញឱ្យបង្កើនការ ប្រកួតប្រជែង ពង្រីកលទ្ធភាពទទួលបានប្រាក់កម្ចី និងកាត់ បន្ថយការចំណាយសម្រាប់អាជីវកម្ម និងបុគ្គល។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីលោក Tharith Panpiemras ជំនួយការទេសាភិបាលធនាគារកណ្តាលថៃថា ធនាគារកណ្តាលថៃគ្រោងនឹងចេញអាជ្ញាប័ណ្ណ ចំនួនបីនៅក្នុងឆ្នាំ២០២៤ មុនពេលប្រតិបត្តិការចាប់ផ្តើមក្នុងពេលមួយឆ្នាំក្រោយមក។ លោក Tharith បន្តថា មានក្រុមហ៊ុនប្រហែល ១០ ហើយដែលបានបង្ហាញចំណាប់អារម្មណ៍ស្នើសុំអាជ្ញា ប័ណ្ណ។ ការដាក់ពាក្យស្នើសុំនឹងបើកនៅចុងត្រីមាសនេះ។

ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីរក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ គឺជាប្រទេសចុងក្រោយគេដែល ទទួលយកគំនិតនៃការបង្កើតធនាគារនិម្មិត ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យានានារួមទាំងក្រុមហ៊ុន Ant Group និងក្រុមហ៊ុន Grab Holdings Inc. ពង្រីកសេវាកម្មហិរញ្ញវត្ថុដើម្បីទាញយកតម្រូវការ ដែលកើនឡើងនៅក្នុងតំបន់។
ខណៈពេលដែលប្រទេសថៃខ្វះធនាគារនិម្មិតឯករាជ្យ ធនាគារ Bangkok Bank Pcl ដែលជា ធនាគារធំជាងគេរបស់ប្រទេសថៃ ធនាគារ Kasikornbank Pcl និងធនាការផ្សេងទៀតក្នុងស្រុក បានបង្កើនការវិនិយោគរបស់ពួកគេ ដោយផ្តល់ជូននូវសេវាកម្មឌីជីថលជាច្រើនរួមទាំងគណនី និងការទូទាត់អនឡាញផងដែរ។
លោក Tharith បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ ថា៖ «ការប្រកួតប្រជែង កាន់តែខ្ពស់នឹងពង្រឹងប្រព័ន្ធធនាគារទាំងមូលតាមរយៈជំរុញធនាគារ ដែលមានស្រាប់ឱ្យលើកកម្ពស់ សេវាកម្ម និងភាពច្នៃប្រឌិតរបស់ពួកគេ។ ធនាគារនិម្មិតថ្មីក៏នឹងពង្រីកសេវាកម្មរបស់ពួកគេទៅដល់អតិថិជនដែលមិនទាន់ទទួលបានសេវាថ្មីផងដែរ ជាមួយនឹងការចំណាយទាបដែលនឹងផ្តល់អត្ថប្រយោជន៍ដល់អតិថិជនទាំងមូល»។
ធនាគារនិម្មិតអាចផ្តល់សេវាកម្មធនាគារពេញលេញ ហើយនឹងស្ថិតនៅក្រោមបទប្បញ្ញត្តិ និងការ ត្រួតពិនិត្យដូចគ្នានឹងធនាគារពាណិជ្ជបែបប្រពៃណីផងដែរ។ តែបើតាមលោក Tharith ធនាគារ និម្មិតមិនត្រូវបានអនុញ្ញាតឱ្យមានសាខារូបវ័ន្ត និងបើកដំណើរការម៉ាស៊ីន ATM ផ្ទាល់ខ្លួនឡើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕
































