(កោះកុង)៖ ថ្លែងចេញពីខេត្តកោះកុង ក្នុងឱកាសចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធាន គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌ ទូទាំងប្រទេស បានអះអាងថា ជនវ័យចាស់ និងអ្នកដែលមានជំងឺប្រចាំកាយ ចាំបាច់បំផុតត្រូវតែ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសជំរុញ។
លោកជំទាវ ឱ វណ្ណឌីន គូសបញ្ជាក់ថា កត្ដាដែលជនវ័យចាស់ និងអ្នកមានជំងឺប្រចាំការ ដែលត្រូវ ចាំបាច់បំផុតក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញនោះ គឺដោយសារសុខភាពរបស់ពួក គាត់ហាក់ខ្សោយជាងមនុស្ស ដែលមិនមានជំងឺប្រចាំកាយ ដូច្នេះអាចងាយនឹងរងនូវការវាយប្រហារ ធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ពិសេសនៅពេលប្រព័ន្ធភាពស៉ាំក្នុងសរីរាង្គកាយថមថយ ឬដល់វេលាកំណត់ ដែលត្រូវចាក់វ៉ាក់សាំងបន្ដ។

ប្រធានគណៈកម្មការចំពោះកិច្ចរូបនេះ បានបន្ថែមទៀតថា ត្បិតណាស់បើទោះបីជំងឺកូវីដ១៩ បានបន្ដបំប្លែងខ្លួនជាបន្ដបន្ទាប់យ៉ាងណាក្ដី ប៉ុន្ដែវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ នៅតែ អាច ការពារបុគ្គលម្នាក់ៗ ពីការឆ្លងរីករាលដាល ឬទប់ស្កាត់មិនឲ្យវិវត្តន៍ទៅរកស្ថានភាពធ្ងន់ធ្ងរនៅពេល បុគ្គលនោះ បានឆ្លងជំងឺកូវីដ១៩។ ជាក់ស្ដែង បច្ចុប្បន្ននេះវីរុសប្រភេទអូមីក្រុង បានបំប្លែងខ្លួនទៅ XBB XBB.1.5 ដែលឆ្លងកាន់តែលឿនជាងមុន ដូច្នេះចាក់វ៉ាក់សាំងដូសជំរុញ ជារឿងមិនអាចរំលង បានឡើយ។
លោកជំទាវ ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «វ័យចាស់ជរាដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ និងអ្នកដែលមានជំងឺប្រចាំកាយ ឬអ្នកដែលមានប្រព័ន្ធភាពស៉ាំខ្សោយ ដែលចាំបាច់ត្រូវតែបន្ថែម នូវដូសជំរុញនេះ ដើម្បីជួយពួកគាត់ក្នុងការទប់ទល់ជាមួយជំងឺកូវីដ១៩»។
បន្ទាប់ពីបានពិនិត្យមើលដំណើរការនៃការចាក់វ៉ាក់សាំង នៅផ្សារដងទង់, វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង និងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង, លោកស្រី ឱ វណ្ណឌីន បានកត់សម្គាល់ថាមានប្រជាពលរដ្ឋជាច្រើនបានបន្ដនាំគ្នាមកទទួលយកនូវការចាក់វ៉ាក់សាំងដូសជំរុញ ក្នុងនោះក៏ឃើញមានលោកយាយម្នាក់ ដែលមានអាយុ៨៤ឆ្នាំ ក៏បានអញ្ជើញមកចាក់ដូសគ្នាផង ដែរ ហើយលោកយាយបានចាក់តាមវេលាកំណត់ត្រឹមត្រូវ ចំនួន៥ដូសមកហើយ។

ក្រៅពីលោកតា លោកយាយ និងអ្នកដែលមានជំងឺប្រចាំកាយនោះ, អាជីវករនៅតាមផ្សារ សិស្ស សាលា កម្មករ កម្មការិនី ក៏ត្រូវទទួលយកនូវវ៉ាក់សាំងដូសជំរុញនេះដូចគ្នាផងដែរ ដើម្បីពង្រឹង ប្រព័ន្ធការពាររបស់បុគ្គលម្នាក់ៗ ដូចជាពង្រឹងប្រព័ន្ធភាពស៉ាំសហគមន៍ ធានាដល់ដំណើរការ សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិទាំងមូល។
ជាមួយគ្នានេះ លោកជំទាវ ឱ វណ្ណឌីន ក៏អំពាវនាវដល់លោកតា លោកយាយ និងប្រជាពល រដ្ឋទាំងអស់ សូមអញ្ជើញមកទទួលយកនូវការចាក់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា នៅពេលខ្លួនដល់វេលាកំណត់ដែលត្រូវចាក់ដូសជំរុញ តាមការចាត់ចែងរៀបចំរបស់អាជ្ញាធរមូល ដ្ឋានថ្នាក់ក្រោមជាតិ។
យ៉ាងណាមិញ លោកស្រីធ្លាប់បានឲ្យដឹងថា ក្នុងករណីរយៈពេលប្រជាពលរដ្ឋចាក់ដូសចុងក្រោយ មានគម្លាតយូរពេករហូតដល់៨ខែ ឬមួយឆ្នាំ ដូច្នេះកងការពារមានការធ្លាក់ចុះស្ទើរទាំងស្រុង ទៅហើយ ប្រសិនបើធ្លាក់ដល់ចំណុចសូន្យនឹងមានហានិភ័យខ្ពស់ណាស់សម្រាប់បុគ្គល ក្នុងការវាយ លុកពីជំងឺកូវីដ១៩ ពិសេសពពួក XBB XBB 1.5 ដែលអាចនឹងផ្ដល់លំហរមួយទៀត ដែលធ្វើឲ្យ មានការផ្ទុះចេញសារជាថ្មីនូវការចម្លងវីរុសអូមីក្រុងនៅក្នុងសហគមន៍។
មន្ដ្រីជំនាញសុខាភិបាលរូបនេះ នៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការរើងអើងប្រភេទ វ៉ាក់សាំង ព្រោះវ៉ាក់សាំងដែលកម្ពុជាកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ គឺសុទ្ធតែស្ថិតនៅក្នុង បញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក ហើយអង្គការសុខភាពបានអះអាងថា វ៉ាក់សាំងទាំងអស់នេះ គឺនៅមានប្រសិទ្ធភាពក្នុងការពារនៅឡើយ ទោះតិចក្ដី ច្រើនក្ដី គ្រប់ប្រភេទ នេះការបំប្លែងខ្លួនទាំងអស់៕































