លោក គីស៉ីដា ថាជប៉ុន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ត្រូវតែធ្វើសកម្មភាពរួមគ្នាលើ បញ្ហាស្ដីពីចិន

 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ អោយដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា បាននិយាយថា ជប៉ុន សហ រដ្ឋអាមេរិក និងសហភាពអឺរ៉ុបត្រូវតែធ្វើសកម្មភាពរួមគ្នា លើសំណុំរឿងពាក់ព័ន្ធនឹងចិន នៅចំពោះ មុខការ កើនឡើងជាលំដាប់នៃបញ្ហាប្រឈមជាមួយទីក្រុងប៉េកាំង។

លោក គីស៉ីដា ធ្វើការកត់សម្គាល់ខាងលើនាឱកាសផ្ដើមបំពេញទស្សនកិច្ចនៅថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាទីដែលលោកជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតី ចូ បៃដិន ពីការពង្រឹងសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងជប៉ុន។ បើតាមលោក គីស៉ីដា ចិនគឺជាបញ្ហា ប្រឈមដ៏ធំសម្រាប់ជប៉ុន និងសហរដ្ឋអាមេរិកដោយចក្ខុវិស័យ របស់ចិនចំពោះសណ្ដាប់ធ្នាប់ អន្តរជាតិមានភាពខុសគ្នាពីទស្សនៈយល់ឃើញរបស់ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន ហើយភាព ខុសគ្នានោះមានពេលខ្លះគឺមិនអាចទទួលយកបាន ឡើយ។

ថ្លែងនៅឯសុន្ទរកថាមួយនៅសាកលវិទ្យាល័យ Johns Hopkins នាយករដ្ឋមន្ត្រីជប៉ុនរូបនេះបាន គូសបញ្ជាក់ដូច្នេះថា «វាជារឿងចាំបាច់ដែលជប៉ុន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ត្រូវតែរួបរួមគ្នា នៅក្នុងការគ្រប់គ្រងទំនាក់ទំនងរៀងៗខ្លួនរបស់ពួកយើងជាមួយចិន»។ ដោយឡែក ជុំវិញសង្រ្គាម នៅអ៊ុយក្រែន លោក គីស៉ីដា បាននិយាយថា សង្រ្គាមរបស់រុស្ស៉ីបានបិទបញ្ចប់ទាំងស្រុងនូវសណ្ដាប់ ធ្នាប់ពិភពលោកក្រោយសង្រ្គាមត្រជាក់ ហើយថាប្រសិនបើការប្រើប្រាស់កម្លាំងបាយរបស់ទីក្រុង មូស្គូ ធ្វើឡើងដោយគ្មានការ ឆ្លើយតបទៅវិញទេ នោះការប្រើកម្លាំងបាយអាចនឹងកើតមានឡើង គ្រប់ទីកន្លែងនៅជុំវិញពិភពលោក រួមទាំងតំបន់អាស៊ីផងដែរ៕