(តេហេរ៉ង់)៖ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក ហូសេន អាមៀ អាប់ដូឡាហ៉ីយ៉ាន (Hossein Amir-Abdollahian) បានបង្ហាញក្ដីសង្ឃឹមថាទំនាក់ទំនងការទូតរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងរីយ៉ាដ អាចនឹងត្រូវបានស្ដារឡើងវិញ តាមរយៈកិច្ចសន្ទនារវាងប្រទេសទាំង២។ លោក អាមៀ អាប់ដូ ឡាហ៉ីយ៉ាន ធ្វើការកត់សម្គាល់ខាងលើនៅឯសន្និសីទសារព័ត៌មានមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងទីក្រុងបេរូត នៃប្រទេសលីបង់។ លោករំពឹងថាបេសកកម្មការទូត ឬស្ថានទូត ទាំងនៅក្នុងទីក្រុង តេហរ៉ង់ និងទីក្រុងរីយ៉ាដ អាចនឹងបើកទ្វារឡើងវិញ ក្រោមក្របខណ្ឌនៃកិច្ចសន្ទនាដែលគួរតែ បន្តធ្វើឡើងរវាងប្រទេសទាំង២។

សូមបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត បានផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៉ីរ៉ង់កាលពីខែមករា ឆ្នាំ២០១៦ បន្ទាប់ពីបាតុករអ៉ីរ៉ង់វាយប្រហារលើស្ថានទូតអារ៉ាប៊ីសាអូឌីត ក្នុងទីក្រុងតេហេរ៉ង់ ដើម្បី បង្ហាញការ ខឹងសម្បាររបស់ពួកគេចំពោះទីក្រុងរីយ៉ាដ ដែលបានប្រហារជីវិតបុព្វជិតស៉ីអ៉ីតដ៏មានឥទ្ធិពលម្នាក់ ឈ្មោះ នីម អាល់ នីម (Nimr al-Nim)។ ចាប់តាំងពីពេលនោះមកដែរ ប្រទេសទាំង២ បានចាប់ ផ្ដើមធ្វើ «សង្រ្គាមប្រូកស៊ី» នឹងគ្នាតាមរយៈការគាំទ្រភាគីជម្លោះម្ខាងៗ នៅក្នុងជម្លោះជាច្រើនក្នុង តំបន់មជ្ឈិមបូព៌ា តួយ៉ាងដូចជាសង្រ្គាមនៅយេម៉ែន និងស៊ីរី។
រហូតដល់ខែមេសា ឆ្នាំ២០២១ ទើបក្រុមមន្ត្រីអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ ថាបានជួបគ្នាជាបន្តបន្ទាប់នៅលើទឹកដីអ៉ីរ៉ាក់។ ប៉ុន្តែកិច្ចចរចានេះបានជាប់គាំងក្នុងរយៈពេល ប៉ុន្មាន ខែចុងក្រោយនេះហើយក៏មិនទាន់មានជំនួបណាមួយត្រូវបានប្រកាសជាសាធារណៈនោះដែរ៕































