ទីលានថ្នូរយុវជនពលី និងសមិទ្ធផលនា នា ដែលត្រូវចំណាយពេលសាងសង់ជាង ១ឆ្នាំកន្លងមក ត្រូវបានសម្ពោធដាក់ឲ្យដំណើរការហើយ


កោះកុង៖ ទីលានផ្នូរយុទ្ធជនពលី និងសមិទ្ធផលនានា ដែលមានទំហំផ្ទៃដីជិត១ហិកតា ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដែលចំណាយពេលសាងសង់ជាង១ឆ្នាំ គិតចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ចុងឆ្នាំ២០២២ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះជួយខេត្តកោះកុង តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ការសាងសង់ផ្នូនេះឡើង គឺដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលីអាយុជីវិតក្នុងសម័យសង្គ្រាម។ ហើយសម្ដេច ក៏បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារសាងសង់ទីលានផ្នូរយុទ្ធជននេះ។សម្តេច ចាត់ទុកការរៀបចំទីលានផ្នូរយុទ្ធជននេះ ជាការដឹងគុណដល់អតីតយុទ្ធជន ដែលមាន គុណបំណាច់ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា ហើយក៏ជាការរៀបចំឱ្យសមនឹងកិត្តិយសដែលពួកគេបានធ្វើចំពោះជាតិ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារ ជាតិ និងជាប្រធានគណៈកម្មការសាង សង់ បានឱ្យដឹងដែរថា សម្រាប់ដំណើរការសាងសង់ទីលាននេះ គឺចំណាយអស់ថវិកា ៧៣៩,៣៧៣ដុល្លារ, ប្រាក់រៀលអស់ចំនួន ១៧៣,៩០០,០០០រៀល និងលុយបាតចំនួន១ម៉ឺនបាត។ សម្រាប់ថវិកាសាងសង់ផ្នូរយុទ្ធជនពលីនេះ គឺទទួលបានពីការចូលរួមពីសំណាក់សប្បុរសជននានា ដែលមានចំនួន៤១៧នាក់ រហូតសម្រេចបានជោគជ័យលើដំណើរការសាងសង់ផ្នូរដ៏មានស្រស់ស្អាត សម្រាប់ជាការឧទ្ទិសដឹងគុណជូនអតីតយុទ្ធជន យុទ្ធនារីពលី ដើម្បីជាតិមាតុភូមិនាសម័យសង្គ្រាមស៉ីវិល។

នាយឧត្តមសេនីយ៍ យន្ត មីន បានថ្លែងបញ្ជាក់ថា សពអតីតកម្មាភិបាល និងអតីតយុទ្ធទាំង ៤៤៧សព រួមមានមកពីខេត្តកោះកុង ចំនួន២៨៧សព, ខេត្តកំពត ៤៤សព, ខេត្តកំពង់ស្ពឺ ៣៤សព, ខេត្តកណ្តាល ២៥សព, ខេត្តតាកែវ ១៧សព, ខេត្តព្រះសីហនុ ៨សព, ក្រុងភ្នំពេញ ៤សព, ខេត្តពោធិ៍សាត់ ៤សព, ខេត្តព្រៃវែង ២សព, ខេត្តស្វាយរៀង ៧សព, ខេត្តកំពង់ចាម ៤សព, ខេត្តកំពង់ឆ្នាំង ៤សព, ខេត្តកែប ២សព, ខេត្តសៀមរាប ១សព, ខេត្តរតនគីរី ១សព, ខេត្តក្រចេះ ១សព, ខេត្តបាត់ដំបង ១សព និងខេត្តកំពង់ធំ ១សព។ ក្រៅពីនេះ ក៏មានផ្នូរសពមន្ត្រីអគ្គិសនី១រូប និងយុទ្ធជន ៥រូបទៀត ទើបរកឃើញ ក៏បានរៀបចំតម្កល់នៅទីនេះផងដែរ។

ជាចុងបញ្ចប់ សម្ដេចពិជ័យសេនា ទៀបាញ់ បានថ្លែងអំណរគុណដល់សប្បុរជនទាំងអស់ដែលបានបរិច្ចាគថវិកាសាងសង់ទីលាន និងបានបំពាក់គ្រឿងឥស្សរយស និងប្រគល់បណ្ណថ្លែងអំណរគុណដល់សប្បជនទាំងអស់ផងដែរ៕ ដោយ ពិសិដ្ឋ