(ញូវដេលី)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ អោយដឹងថា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា មាន មនុស្ស ០៦នាក់ ក្នុងនោះមានទាំងកុមារ ៣នាក់ផងដែរនោះ បានស្លាប់បន្ទាប់ពីករបស់ពួកគេត្រូវ បានទាក់រ៉ំដោយខ្សែខ្លែង ក្នុងអំឡុងពេលពិធីបុណ្យមួយនៅក្នុងរដ្ឋ Gujarat ប្រទេសឥណ្ឌា។
ឧប្បត្តិហេតុនេះត្រូវបានគេរាយការណ៍ថា បានកើតឡើងកាលពីចុងសប្តាហ៍មុន នៅពេលដែល ហ្វូងមនុស្សយ៉ាងច្រើនបានចូលរួមពិធីបុណ្យខ្លែងអន្តរជាតិក្នុងរដ្ឋ Gujarat ។

ខ្សែខ្លែងម្យ៉ាងដែលមានសភាពមុតខ្លាំង ដែលគេស្គាល់ជាភាសាតំបន់ថា ម៉ានចា គឺជាមូលហេតុ ចម្បងនៃគ្រោះថ្នាក់នេះ។ ខ្សែប្រភេទនេះត្រូវបានគេហាមឃាត់មិនប្រើប្រាស់ ប៉ុន្តែវានៅតែអាច រកទិញបានយ៉ាងងាយស្រួល។
ក្មេងស្រីរងគ្រោះក្មេងជាងគេត្រូវបានគេរាយការណ៍ថា ជាក្មេងស្រីទើបតែមានអាយុ២ឆ្នាំប៉ុណ្ណោះ។ បំពង់ករបស់នាងត្រូវបានខ្សែខ្លែងកាត់ផ្តាច់ពេលកំពុងជិះកង់ជាមួយឪពុកនាង នៅក្រុង Bhavnagar។
យោងតាមប្រភពដដែលនេះខ្សែប្រភេទនេះក៏បានសម្លាប់ និងបំផ្លាញសត្វស្លាបរាប់រយក្បាលជា រៀងរាល់ឆ្នាំផងដែរ។ យ៉ាងហោចណាស់ ៥០០ក្បាលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបក្សី សប្បុរស ក្នុងទីក្រុង Delhi ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ។ មន្ទីរពេទ្យនិយាយថា ខ្លួនបានព្យា បាលសត្វបក្សីរហូតដល់ ៨,០០០ក្បាលក្នុងមួយឆ្នាំ៕
































