(ក្រុងដាវ៉ូស-ក្លូស្ទ័រ, ប្រទេសស្វីស)៖ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានឯកភាពគ្នាបញ្ចប់ការចរចា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជុំទី៣ (CAM-UAE CEPA) នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ការឯកភាពនេះ បានធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របស់ កម្ពុជា និងលោក Thani Ahmed Al Zeyoudi រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនៃប្រទេសអេមីរ៉ាត អារ៉ាប់រួម នៅទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។
ក្នុងជំនួបទ្វេភាគីនោះ ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងបង្ហាញពីលទ្ធផលជាវិជ្ជមាន នៃកិច្ចប្រជុំចរចាជុំទី១ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់ រួម កាលពីខែតុលា ឆ្នាំ២០២២ និងការវិវឌ្ឍទៅមុខនៃការចរចាបើកច្រក ទីផ្សារទំនិញ និងសេវាកម្ម នៅជុំទី២ ក្នុងខែធ្នូ ឆ្នាំ២០២២ នៅប្រទេសកម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ភាគីទាំងពីរបានខិតខំបំពេញតាមសំណើសុំ និងការផ្តល់ឱ្យ (Request and Offer) រវាងគ្នាទៅវិញទៅមក ដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដ៏ប្រសើរមួយ សម្រាប់សហគមន៍ធុរកិច្ច វិនិយោគិន ពាណិជ្ជករ និងសាធារណជន។
ក្នុងកិច្ចប្រជុំនេះដែរ ភាគីទាំងពីរក៏ បានព្រមព្រៀងជាគោលការណ៍បញ្ចប់ ការចរចាជុំទី៣ ក្នុង ប្រទេសអារ៉ាប់រួមនៅខែកុម្ភៈ ឆ្នាំ២០២៣ និងគម្រោងបញ្ចប់ជាផ្លូវការនៅខែមីនា នៅភ្នំពេញ ដែល ពេលនោះ ឯកឧត្តម រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នឹងមកបំពេញ ទស្សនកិច្ចនៅកម្ពុជា។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានសង្កត់ធ្ងន់ថា ការចូលជាធរមាននៃកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងបង្កើនកំណើនសេដ្ឋកិច្ចតាមរយៈការធ្វើពិពិធកម្មទីផ្សារ ការបើកច្រក់ទីផ្សារកាន់តែទូលាយ សម្រាប់ទំនិញ និងសេវាកម្ម ការបង្កើនលំហូរនៃការ វិនិយោគ ការបង្កើតការងារ និងការពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យផ្សេងទៀត ព្រមទាំង ផ្តល់ប្រយោជន៍ឱ្យគា្នទៅវិញទៅមកកាន់តែសម្បូរ។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានអបអរសាទររដ្ឋាភិបាលអេមីរ៉េតអារ៉ាប់រួម ដែលត្រូវ បានជ្រើសរើសធ្វើជាម្ចាស់ផ្ទះសម្រាប់សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ របស់អង្គការពាណិជ្ជកម្មពិ ភពលោកក្នុងឆ្នាំ២០២៤។
ឯកឧត្តម រដ្ឋមន្ត្រី បានបង្ហាញការគាំទ្រចំពោះការធ្វើជាម្ចាស់ផ្ទះនេះ និងជឿជាក់យ៉ាងមុតមាំថា ក្នុងនាមជាម្ចាស់ផ្ទះ អេមីរ៉េតអារ៉ាប់រួម នឹងជំរុញការដឹកនាំពាណិជ្ជកម្មសកលឱ្យកាន់តែប្រសើរ តាមរយៈការប្រើប្រាស់តួនាទីដ៏សំខាន់នានាក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយផ្អែកលើវិធានច្បាថាប់ជាមូលដ្ឋាន៕
































