(ភ្នំពេញ)៖ រសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញាតឲ្យលោក Jong-seong Lim សមាជិកសភាសាធារណរដ្ឋកូរ៉េ, Dr. Yong-deok Cho អគ្គលេខាធិកាក្រុមប្រឹក្សាទឹកអាស៊ី (AWC SG), តំណាង UNDP នៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួសម និងជួបប្រជុំទ្វេភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និង ពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នា ស្តីពីបញ្ហាទឹកថ្នាក់ជាតិ និងតំបន់អាស៊ី។

ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងធនធានទឹក និង ឧតុនិយម សូមស្វាគមន៍វត្តមានរបស់សមាជិកសភា អគ្គលេខាធិការ និងសូមថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាល និងប្រជាជនកូរ៉េ បាននិងកំពុងបន្តជួយឧបត្ថម្ភ និងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យធនធាន ទឹកត្រូវបានពង្រឹង ពង្រីក និងធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ ហើយនឹងបន្តនូវ កិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ ដែលមានទំនាក់ទំនងល្អជាប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយឲ្យកាន់តែល្អប្រសើរ និងកាន់ តែរឹងមាំបន្ថែមទៀត ជាពិសេសជាមួយ K-Water, K-Eximbank/EDCF, Koica, AWC, Korea Environment Industry and Technology Institute, KMI & KMA។
ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនគណៈប្រតិភូ អំពីសមិទ្ធផល និងការងារដែលក្រសួងសម្រេចបាន និងកំពុងអនុវត្តព្រមទាំងកិច្ចការងារចំពោះមុខក្នុងក្របខណ្ឌវិស័យធនធានទឹក និងឧតុនិយម ដើម្បី រួមចំណែកដោះស្រាយនូវបញ្ហា ប្រឈម នៃបម្រែបម្រួលអាកាសធាតុ សំដៅធានាបាននូវសន្តិសុ ខទឹកសម្រាប់បំពេញតម្រូវការប្រើប្រាស់ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ស្ថិតក្នុងបរិបទនេះ ឯកឧត្តម រដ្ឋមន្រ្តីក៏បានសំណូមពរដល់ភាគីកូរ៉េ ឲ្យជួយដល់ក្រសួងធនធានទឹក និងឧតុនិយម លើមូលដ្ឋានបច្ចេកទេស (ប្រព័ន្ធផ្កាយរណប, ឧតុនិយម និងជលសាស្រ្ត……) និងការបណ្តុះបណ្តាលធនធានមនុស្ស។
លោក Jong-seong Lim បានបង្ហាញនូវសេចក្តីរីករាយ ដោយបានជួបពិភាក្សាការងារដោយផ្ទាល់ ជាមួយឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារលើវិស័យ ធនធានទឹក និងឧតុនិយម ដែលក្រសួងសម្រេចបាន ក៏ដូចជាកិច្ចការបន្តដែលត្រូវអនុវត្តក្នុងបេស កកម្មរួមចំណែកដល់ការអភិវឌ្ឍនិងការរីកលូតលាស់សេដ្ឋកិច្ចប្រទេសកម្ពុជាឲ្យបានកាន់តែប្រសើរថែមទៀត។
សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលកន្លងមក ប្រទេសកូរ៉េបានរួមចំណែក យ៉ាងច្រើនដល់ការអភិវឌ្ឍវិស័យធនធានទឹក និងបានផ្តល់ភាពវិជ្ជមានជាច្រើនដល់ការអភិវឌ្ឍ របស់កម្ពុជា។ លោក Jong-seong Lim នឹងពាំនាំនូវសំណូមពរខាងលើជូនដល់រាជរដ្ឋាភិបាលកូរ៉េ និងបានបញ្ជាក់ថា ចំពោះអនាគតទៅមុខទៀត ប្រទេសកូរ៉េនឹងធ្វើការជាមួយគ្នាពាក់ព័ន្ធនឹងវិស័យធនធានទឹក ពុំមែនសម្រាប់តែកម្ពុជាទេ គឺនៅក្នុង ប្រទេសអាស៊ីទាំងមូល។

គិតមកដល់បច្ចុប្បន្ននេះ ជំនួយរបស់រាជរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បាននឹងកំពុងដំណើរ ការប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងខេត្តបាត់ដំបង, គម្រោងអភិវឌ្ឍន៍ធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ខេត្ត បន្ទាយមានជ័យ, គម្រោងសិក្សាសមិទ្ធិលទ្ធភាពព្រែកនាល ក្នុងខេត្ត ស្វាយរៀង គម្រោងសិក្សាសមិទ្ធិលទ្ធភាព 4P-IWRM ព្រែកគ្រៀល ព្រែកព្រះ ព្រែកកាំពី និង ព្រែកទេរ ក្នុងខេត្តក្រចេះ, គម្រោងសិក្សាសមិទ្ធិលទ្ធភាពសម្រាប់ ផែនការ មេគ្រប់គ្រងទឹក និងប្រព័ន្ធ ជូនដំណឹងស្ទឹងសែន ក្នុងខេត្តកំពង់ធំ, គម្រោងសិក្សាសមិទ្ធិលទ្ធភាពនៃការរៀបចំផែនការមេ ការ គ្រប់គ្រងទឹកចម្រុះរបស់អនុអាងទន្លេមេគង្គទាំង ០៥ ក្រុមនៅកម្ពុជា, ប្រព័ន្ធទទួលរូបភាពពីផ្កាយ រណបឧតុនិយមកូរ៉េ និងទើបបានតម្លើងរួចរាល់នូវស្ថានីយឧតុនិយមស្វ័យប្រវត្តិចំនួន ២៧ កន្លែង នៅលើបណ្តារាជធានី ខេត្តចំនួន១១៕

































