រដ្ឋអាជ្ញាអាមេរិកអះអាងថា អតីតប៉ូលិស FBI ម្នាក់ធ្វើការឲ្យមហាសេដ្ឋីរុស្ស៉ីដែលជាប់ទណ្ឌកម្ម


 (វ៉ាស៉ីនតោន)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ គឺ អតីតមន្ត្រី FBI ជាន់ខ្ពស់មួយរូបត្រូវបានចោទប្រកាន់កាលពីថ្ងៃច័ន្ទសប្តាហ៍ នេះ ពីបទធ្វើការឲ្យមហាសេដ្ឋីរុស្ស៉ី លោក អូឡេក ដឺរីប៉ាស្កា (Oleg Deripaska) ដែលត្រូវបានដាក់ ទណ្ឌកម្ម ខណៈដែលរដ្ឋអាជ្ញាសហរដ្ឋអាមេរិកកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្តការដាក់ ទណ្ឌកម្មលើមន្ត្រីរុស្ស៊ី និងក្រុមប៉ូលិសការពារពួកគេ។

អតីតមន្រ្តី FBI រូបនោះ គឺលោក ឆាឡេស ម៉េកហ្គោនីហ្កាល (Charles McGonigal) ធ្លាប់បានដឹក នាំផ្នែកប្រឆាំងការស៊ើបការណ៍សម្ងាត់របស់ FBI នៅទីក្រុងញូវយ៉ក មុនពេលចូលនិវត្តន៍ក្នុងឆ្នាំ ២០១៨។

រដ្ឋអាជ្ញាបាននិយាយថា ហ្គោនីហ្កាល អាយុ ៥៤ឆ្នាំ កាលពីឆ្នាំ២០២១ បានទទួលការបង់ប្រាក់ ដោយលាក់កំបាំងពី លោក ដឺរីប៉ាស្កា ដែលត្រូវបានដាក់ទណ្ឌកម្មនៅឆ្នាំ២០១៨ ជាថ្នូរនឹងការស៊ើប អង្កេតលើគូប្រជែងដែលជាមហាសេដ្ឋរុស្ស៉ីផ្សេងទៀត។ លោក ហ្គោនីហ្កាល ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ផង​ដែរ​ពី​ការ​ជំរុញ​ឲ្យមានការ​ដក​ទណ្ឌកម្ម​ប្រឆាំង​នឹង លោក ដឺរីប៉ាស្កា តែមិន​បាន​ជោគជ័យ​ក្នុង​ឆ្នាំ២០១៩។ យ៉ាងនេះក្តី នៅឯសវនាការតុលាការសហព័ន្ធរដ្ឋមែនហាតធែន (Manhattan) លោក ហ្គោនីហ្កាល បានបដិសេធរាល់ការចោទប្រកាន់ទាំងនេះ។

ដោយឡែកនៅថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋអាជ្ញាសហព័ន្ធនៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា លោក ហ្គោនីហ្កាល ធ្លាប់បានទទួលសាច់ប្រាក់ចំនួន ២២៥,០០០ដុល្លារ ពីអតីតសមាជិកនៃសេវាស៊ើប ការណ៍សម្ងាត់របស់ប្រទេសអាល់បានី ហើយករណីនេះកំពុងស្ថិតក្រោមការស៉ើបអង្កេត៕