(កំពង់ឆ្នាំង)៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសសុនខល្បាត ដែលមានរយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃ ទី០៦ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមចំនួន ៣៥នាក់។
ពិធីបើកវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសសុនខល្បាតនេះ រៀបចំធ្វើឡើងនៅវិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះ មានគោលបំណងពង្រឹងសមត្ថភាព និងផ្លាស់ ប្តូរ បទពិសោធន៍ លើជំនាញបច្ចេកទេសហ្វឹកហ្វឺន និងប្រើប្រាស់សុនខល្បាត ជូនដល់សិក្ខាកាម ដែលជាគ្រូហ្វឹកហ្វឺនបច្ចេកទេសសុនខរបស់ស៊ីម៉ាក់ និងមន្ត្រីជំនាញបច្ចេកទេសសុនខ របស់កង កម្លាំងសមត្ថកិច្ច នៃស្ថាប័នពាកព័ន្ធ។
សូមជម្រាបថា វគ្គហ្វឹកហ្វឺននេះ ក៏មានសិក្ខាកាមមកពីនាយកដ្ឋាននគរបាលអន្តរាគមន៍ពិសេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជារការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម និងបញ្ជាការដ្ឋានទ័ពពិសេសផងដែរ។

វគ្គហ្វឹកហ្វឺននេះ មានគ្រូឧទ្ទេសជំនាញសុនខ ល្បាតមកពីប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើជំនាញបច្ចេកទេសជាក់ស្តែង៕
































