នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សង្កត់ធ្ងន់ពីសារៈសំខាន់នៃ «សន្តិភាព» កំលុងដំណើរទស្សនកិច្ចក្នុងប្រទេស ថៃ


 (បាងកក)៖ យោងតាមការដកស្រង់ចេញផ្សាយពី សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បញ្ជាក់ថា លោក អាន់វ៉ា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម (Anwar Ibrahim) បានសន្យាថានឹងធ្វើអ្វីៗគ្រប់យ៉ាង និងចាំបាច់ ដើម្បីជួយសម្រួលដល់ដំណើរការស្វែង រកសន្តិភាព បិទបញ្ចប់អំពើហិង្សានៅតំបន់ភាគខាងត្បូងប្រទេសថៃ កំលុងការបំពេញទស្សនកិច្ច ផ្លូវការក្នុងទីក្រុងបាងកក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

ក៏បានបង្ហាញការព្រួយបារម្ភផងដែរពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធនៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសថៃ ជាប់ព្រំដែនភាគខាងជើងនៃប្រទេសម៉ាឡេស៊ី ហើយសន្យាថា នឹងផ្ដល់ជំនួយដល់ដំណើរ ការស្វែងរកសន្តិភាព។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយនាយករដ្ឋមន្ត្រីថៃ លោក ប្រា យុទ្ធ ចាន់អូចា ក្នុងទីក្រុងបាងកក នាយករដ្ឋមន្ត្រីម៉ាឡេស៊ី រូបនេះបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមក កាន់ទីនេះជាមួយការបញ្ជូនសារយ៉ាងច្បាស់ថារដ្ឋាភិបាលម៉ាឡេស៊ី នឹងមិនអាចទទួលយកបានឡើយ រាល់ការប្រើអំពើហិង្សាគ្រប់ទម្រង់ទាំងអស់ ដើម្បីដោះស្រាយជម្លោះ»។ លោក អាន់វ៉ា បន្ថែមទៀតថា ជម្លោះនៅភាគខាងត្បូងប្រទេសថៃ មិនមែនត្រឹមតែជាបញ្ហាផ្ទៃក្នុងរបស់ថៃប៉ុណ្ណោះទេ តែវាក៏ជា កាតព្វកិច្ចក្នុងនាមជាអ្នកជិតខាង និងគ្រួសារតែមួយក្នុងអាស៊ាន ដែលតម្រូវឱ្យម៉ាឡេស៊ី នឹងធ្វើអ្វីៗ ដែលជាតម្រូវការ និងភាពចាំបាច់ ក្នុងការជួយសម្រួលដំណើរការស្វែងរកសន្តិភាព។

គួរបញ្ជាក់ថា បើតាមលោក អាន់វ៉ា អ៉ីប្រាហ៊ីម ថៃ និងម៉ាឡេស៊ី ក៏ឯកភាពគ្នាផងដែរថានឹងតែងតាំង អ្នកសម្របសម្រួលម្នាក់។ តំបន់ភាគខាងត្បូងប្រទេសថៃ ធ្លាប់ជាអតីតអាណាចក្រ Patani របស់ ម៉ាឡេ មុននឹងធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់សៀម ក្នុងស.វទី១៨ ហើយចាប់តាំងពីពេលនោះ មកដែរ មានចលនាទាមទារផ្ដាច់ទឹកដីជាច្រើនត្រូវបានបង្កើតឡើងដើម្បី រំដោះតំបន់នេះ៕