អ៊ុយក្រែន អោយដឹងថា រដ្ឋមន្រ្តីការពារជាតិ លោក Oleksii Reznikov ប្រកាសដាក់វិន័យធ្ងន់ធ្ងរ លើមន្រ្តី ប្រព្រឹត្តិអំពើពុករលួយ

 (កៀវ)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ គឺ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡេកស៉ី រ៉េសនីកូវ (Oleksii Reznikov) បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា មន្ត្រីរាប់រយនាក់នៅក្នុងក្រសួង ឬនៅក្នុងជួរកងកម្លាំង ប្រដាប់អាវុធ ត្រូវបានដាក់វិន័យកាលពីឆ្នាំ២០២២ បន្ទាប់ពីការធ្វើសវនកម្មផ្ទៃក្នុង ហើយក៏គ្មានការ អត់ឱនណាមួយចំពោះអំពើពុករលួយនោះឡើយ។

លោក រ៉េសនីកូវ បានឲ្យដឹងថា មន្ត្រីក្រសួងការពារជាតិចំនួន ៦២១នាក់ នៃកងកម្លាំងប្រដាប់អាវុធ និងនៅក្នុងក្រសួងការពារជាតិបានទទួលការពិន័យ ឬការថ្កោលទោសចំពោះការបំពាន នៅក្នុងឆ្នាំ ២០២២ ប៉ុន្តែមិនបានបញ្ជាក់បញ្ហាលម្អិតនោះទេ។ លោក រ៉េសនីកូវ បានសរសេរនៅលើបណ្តាញ សង្គម Facebook យ៉ាងដូច្នេះថា «គោលជំហរជាគោលការណ៍របស់ខ្ញុំគឺនៅតែមិនផ្លាស់ប្តូរ គ្មាន ការអត់ឱនចំពោះការរំលោភបំពានណាមួយឡើយ។ ជនណាដែលមានកំហុស នឹងទទួលខុសត្រូវ ចំពោះទង្វើរបស់ខ្លួន»