រដ្ឋមន្ត្រីកសិកម្ម លើកឡើងថា មិនមែនជាលើកទី១ទេ ដែល VOD សរសេរលើស, សង្ឃឹមថា មេរៀនលើកនេះ នឹងលើកកំពស់វិជ្ជាជីវៈសារព័ត៌មានបន្ថែមទៀត នៅកម្ពុជា


 (ភ្នំពេញ)៖ ក្រោយក្រសួងព័ត៌មានចេញសេចក្តីប្រកាស សម្រចលុបអាជ្ញាបណ្ណការផ្សាយរបស់មជ្ឈ មណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលមជ្ឈមណ្ឌលគ្រប់គ្រងការផ្សាយរបស់ សារព័ត៌មាន VOD នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ, រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ឌីណា បានបង្ហោះសារតាមរយៈ Facebook ផ្លូវការរបស់លោក ដោយភ្ជាប់ ជាមួយនូវលិខិតបំភ្លឺធ្លាប់ផ្ញើទៅកាន់ VOD ដោយលើកឡើងថា នេះមិនមែនជាលើកទី១ ដែលសារ ព័ត៌មាន VOD សរសេរលើស ហើយលោកសង្ឃឹមការលុបអាជ្ញាបណ្ណនេះ នឹងក្លាយជាមេរៀនមួយ ជួយលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាបន្ថែមទៀត។

ឯកឧត្តម រដ្ឋមន្ត្រីកសិកម្ម បានសរសេរយ៉ាងដូច្នេះថា «មិនមែនជាលើកទី១ទេ ដែល VoD សរសេរ លើស។ ខ្ញុំសង្ឃឹមថា មេរៀនលើកនេះនឹងលើកកំពស់វិជ្ជាជីវៈសារព័ត៌មានបន្ថែមទៀត នៅកម្ពុជា។ ប្រជាជនកម្ពុជាត្រូវការព័ត៌មានពិត ដោយគ្មានការដាក់សកបន្ថែមតាមអារម្មណ៍»

គួររំលឹកថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ក្រសួងកសិកម្ម បានផ្ញើលិខិតមួយ ទៅកាន់និពន្ធ នាយកសារព័ត៌មាន VOD ជាភាសាអង់គ្លេស ដោយប្រាប់អំពីកង្វះខាតខាងវិជ្ជាជីវៈ និងក្រមសីល ធម៌របស់សារព័ត៌មាននេះ ដែលបានដកស្រង់ខ្លឹមសារមិនបានត្រឹមត្រូវ និងប្រាសចាកពីអត្ថន័យដើម នៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ទាក់ទងនឹងដំណោះស្រាយលើបញ្ហាស្រូវធ្លាក់ថ្លៃ។

ក្រៅពីរៀបចំលិខិត ឯកឧត្តម រដ្ឋមន្ត្រីក៏បានរៀបចំនូវវេទិកាជួបជាមួយស្ថាប័នព័ត៌មានមួយចំនួន ដើម្បីស្រាយបំភ្លឺជុំវិញខ្លឹមសារ ដែលផ្សាយដោយ VOD និងបានពន្យល់ពីស្ថានភាពវិស័យកសិកម្ម ផងដែរ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាស សម្រចលុបអាជ្ញាបណ្ណការផ្សាយរបស់សារព័ត៌មាន VOD ផ្លូវការចាប់ពីថ្ងៃនេះតទៅ។

សេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន ដែលចុះហត្ថលេខាដោយ ឯកឧត្តម ខៀវ កញារីទ្ធ ប្រការ១ ៖ «លុបលិខិតលេខ១៦៥ព.ម.ប្រ.ក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន អនុញ្ញាតឲ្យមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អាសយដ្ឋានទីស្នាក់ការនៅផ្ទះលេខ១៤A ផ្លូវលេខ៣៩២ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ធ្វើសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះ រាជាណាចក្រកម្ពុជា ដោយអង្គភាពសារព័ត៌មាននេះបានរំលោភយ៉ាងធ្ងន់ធ្ងរ លើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែ សម្រួល តាមបទប្បញតិ្តច្បាប់ស្តីពីរបបសារព័ត៌មាន»