កម្ពុជា-ឡាវ ជំរុញការបើកជើងហោះហើរឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរនៃប្រទេសទាំងពីរ


 (ឡាវ)៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ និងលោក សនសៃ ស៊ីផាន់ដន នាយក រដ្ឋមន្រ្តីឡាវ ​ជំរុញការបើកឡើងវិញ នូវជើងហោះហើរត្រង់​​ពីភ្នំពេញ-វៀងច័ន្ទន៍​ និងសម្តែងការ​ស្វាគមន៍ ចំពោះការបើកឡើងវិញនូវជើងហោះហើរត្រង់ ពីហ្លួងប្រាបាង-ប៉ាកសេ-សៀមរាប ដោយ ក្រុមហ៊ុនអាកាសចរណ៍ឡាវ ដើម្បីទាក់ទាញភ្ញៀវទេសចរ​នៃប្រទេសទាំងពីរ។

ភាគីកម្ពុជា និងឡាវ ​ជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសសម្តេច​តេជោ ហ៊ុន សែន ​បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចផ្លូវការ នៅវៀងច័ន្ទន៍ ពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣​ តបតាមការអញ្ជើញរបស់​លោក សនសៃ ស៊ីផាន់ដន ។

ក្នុងឱកាសនោះដែរ​សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យបើកនូវការហោះហើរត្រង់ពីភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញឡើងវិញផងដែរ ខណៈដែលប្រទេសទាំងពីរបានបើកប្រទេសទាំងស្រុងវិញ ហើយ។ ការជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា-ឡាវនេះ ដោយនាយករដ្ឋមន្ត្រីទាំងពីរបាន សង្កត់ធ្ងន់លើសារៈសំខាន់នៃវិស័យទេសចរណ៍ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម។

សូមជម្រាបថា ជើងហោះហើររវាងកម្ពុជា និងឡាវ ត្រូវបានផ្អាកបណ្តោះអាសន្នមួយរយៈ ដោយសារ តែការរីករាលដាលនៃជំងឺកូវីដ១៩​៕