(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឲ្យក្រសួងសុខា ភិបាល រៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនី ដែលរងរបួស ក្នុងការប្រកួតដោយឥត គិតថ្លៃ នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរសៀលថ្ងៃ ដដែលនេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានដឹកនាំក្រុមការងារចុះ រៀបចំភ្លាមៗ។
ឯកឧត្តម សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ដោយគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ថ្ងៃនេះក្រុមការងាររបស់យើងបានចុះមករៀប ចំភ្លាមៗទាំងបន្ទប់វះកាត់ គ្រែចំនួន២០០ និងក្រុមគ្រូពេទ្យ រួមទាំងសម្ភារៈបរិក្ខារនានា ក្នុងនោះក៏ មាននូវរថយន្ដគិលានសង្គ្រោះចល័ត ដែលមានសម្ភារៈវះកាត់ក្នុងនោះស្រាប់ផងដែរ ដើម្បីតៀម សង្គ្រោះភ្លាមៗ២៤លើ២៤ ដោយឥតគិតថ្លៃ ដល់កីឡាករ កីឡាការិរីដែលរបួស។

ឯកឧត្តម រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «យើងបានចាត់តាំងគ្រូពេទ្យពីមន្ទីរពេទ្យចំនួន៣ គឺមក ពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក្រៅពីគ្រូពេទ្យនៅមន្ទីរពេទ្យតេជោសន្ដិភាពនេះផ្ទាល់ ដើម្បីទៅជាក្រុម បើមានករណីអ្វីកើតឡើង គឺយើងអនុវត្ដតែម្ដង។ សម្រាប់បន្ទប់វះកាត់អាចនឹងរួចរាល់ជាស្ថានពរក្នុងរយៈពេល៣សប្ដាហ៍ទៀត តែយើងបានត្រៀមរថយន្ដគិលានសង្គ្រោះដែលមានសម្ភារៈវះកាត់ជាបណ្ដោះអាសន្នសិន ដូច្នេះយើង បើកទទួលកីឡាករ កីឡាការិនីយើងចាប់ពីពេលនេះតទៅ ព្យាបាលដោយឥតគិតថ្លៃ»។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តម សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានបន្ថែមថា «ខ្ញុំបានជំរុញលើទឹក ចិត្ដដល់មន្ដ្រីរបស់ខ្ញុំ បំពេញការងារឱ្យបានល្អ សមស្របតាមគោលបំណងរបស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា ដែលលោកបានខិតខំកសាងមន្ទីរពេទ្យតេជោសន្ដិភាពដ៏ធំ ដូច្នេះពេទ្យក៏ធំ បេះដូងយើងជាគ្រូពេទ្យក៏ទូលាយ រួមគ្នាខិតខំប្រឹងប្រែងធ្វើការងារឱ្យអស់ពីលទ្ធភាព»។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានសម្រេចឲ្យក្រសួងសុខាភិបាល រៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនី ដែលរងរបួស ក្នុងការប្រកួតដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព។
ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីកន្លងមក សម្តេចមើលឃើញពីការលំបាករបស់បងប្អូនកីឡាករ កីឡាការិនីមួយចំនួន ដែលបានរងរបួសដោយការប្រកួត ហើយលំបាកក្នុងការព្យាបាលនៅតាម មន្ទីរពេទ្យរដ្ឋ និងឯកជន ដោយរាប់ទាំងការលំបាកលើការចំណាយថវិកាផងដែរ។
ជាមួយគ្នានេះ សម្តេចតេជោ បានជំរុញឲ្យក្រសួងសុខាភិបាល រៀបចំឲ្យបានឆាប់ដែលនឹងអាច ចូលរួមផងដែរ ដល់ការប្រកួតស៊ីហ្គេមនាពេលខាងមុខនេះ៕

































