(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ មានការរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យប្រចាំឆ្នាំ២០២២ នៃ «ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣» ក្រោមការចូលរួមពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋ មន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈ។
នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

តាមក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាកម្មវិធីកែ ទម្រង់ស្នូលនៃកម្មវិធីកែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានឆ្ពោះទៅពង្រឹង អភិបាលកិច្ច តាមរយៈការប្រកាន់ខ្ជាប់ការអនុវត្តនូវអភិក្រមជាខឿន ឬជាដំណាក់កាល់ៗ (ឬហៅថា Platform Approach) ដោយត្រូវបានកំណត់ចក្ខុវិស័យប្រកបដោយមហិច្ឆិតា និងប្រាកដនិយម ពោល គឺកសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យស្របតាមស្តង់ដា និងឧត្តមានុវត្តន៍ជា អន្តរជាតិ ដែលមានគោលដៅផ្លាស់ប្តូរប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលផ្តោតលើធាតុចូល និងមាន លក្ខណៈមជ្ឈការឆ្ពោះ ទៅប្រព័ន្ធដែលផ្ដោតលើធាតុចេញ ឬលទ្ធផល និងមានលក្ខណៈវិមជ្ឈការ។
ក្នុងទស្សនវិស័យដ៏ពិសិដ្ឋនេះប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបាននិងកំពុងធ្វើទំនើបកម្មជាបណ្តើរៗ និងកាន់តែស៊ីជម្រៅលើគ្រប់សមាសធាតុស្នូល នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការកសាង និងកែលម្អប្រព័ន្ធ, ក្របខ័ណ្ឌគតិយុត្ត, ស្ថាប័ននីយកម្ម និងធនធានមនុស្ស។

ជាក់ស្តែងក្នុងរយៈពេលប្រមាណ៣ឆ្នាំ នៃវិបត្តិជំងឺកូវីដ១៩កន្លងទៅរាជរដ្ឋាភិបាលមានថវិកា គ្រប់គ្រាន់ ដើម្បីគាំទ្រការអនុវត្តគោលនយោបាយ និងវិធានការអន្តរាគមន៍ទាំងឡាយ ដើម្បីជួយ រក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជារក្សាលំនឹងធុរកិច្ចរបស់វិស័យឯកជន ដែលបាន និងកំពុងបន្តទទួលរងនូវផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩។
ទន្ទឹមនេះរាជរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងបន្តខិតខំដោះស្រាយបញ្ហាប្រឈម និងហានិភ័យ ផ្នែកម៉ាក្រូសេដ្ឋកិច្ចនានា ពិសេសផលប៉ះពាល់ពីវិបត្តិនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលនេះ បានរុញអត្រាអតិផរណាឱ្យកើនឡើងខ្ពស់ជាអាទិ៍ ការឡើងថ្លៃប្រេងឥន្ធនៈ ចំណីអាហារ ជីកសិកម្ម និងទំនិញស្ទើរគ្រប់ប្រភេទ ទាំងតាមរយៈគោលនយោបាយសារពើពន្ធ និងគោលនបាយគន្លឹះ ផ្សេងទៀត។
ក្នុងទស្សនវិស័យប្រកបដោយសុទិដ្ឋិនិយម នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដៃគូអភិវឌ្ឍន៍អបអរសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់វឌ្ឍនភាពប្រកបដោយចីរភាព លើគ្រប់ទិដ្ឋភាព នៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ពិសេសវឌ្ឍនភាពនៃការ អនុម័ត «ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ(ថ្មី)»។

ជាមួយគ្នានេះដៃគូអភិវឌ្ឍន៍ប្តេជ្ញាមុតមាំ ក្នុងការបន្តគាំទ្រការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម» ឆ្នាំ២០២៣-២០២៧ ដែលនឹងត្រូវប្រកាសដាក់ឱ្យអនុវត្តជាផ្លូវ ការក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានផ្តល់ការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះក្រុម ការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងស្ថាប័ន និងអង្គភាពក្រោមឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍ ដែលបានចូល រួមកសាងភាពរឹងមាំ នៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ដែលជាកម្មវិធីកែទម្រង់ស្នូល ឈានឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងការអភិវឌ្ឍ សេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា៕
































