ប្រេសិតអារ៉ាប៊ីសាអូឌីត និងអូម៉ង់ បើកកិច្ចចរចាសន្តិភាពជាមួយក្រុមហ៊ូស៉ី ក្នុងប្រទេសយេម៉ែន


 (រីយ៉ាដ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ​នៅថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា ក្រុមមន្ត្រីប្រតិភូអារ៉ាប៊ីសាអូឌីត និងអូម៉ង់ បានបើកកិច្ចចរចា សន្តិភាពជាមួយក្រុមមន្ត្រីហ៊ូស៊ី (Houthi) នៅក្នុងរដ្ឋធានីសាណា នៃប្រទេសយេម៉ែន ជាផ្នែកមួយនៃ កិច្ចខិតខំប្រឹងប្រែង អន្តរជាតិ ក្នុងគោលបំណងស្វែងរកការផ្សះផ្សា ដើម្បីបិទបញ្ចប់សង្រ្គាមក្នុង ប្រទេសយេម៉ែនដែលអូសបន្លាយជាង៩ឆ្នាំមកនេះ។

ជំនួបខាងលើបានបង្ហាញពីភាពរីកចម្រើន នៅក្នុងកិច្ចសម្របសម្រួលប្រឹក្សាយោបល់រវាងទីក្រុង រីយ៉ាដ និងទីក្រុងសាណា ក្រោមការជួយជ្រោមជ្រែងពីអូម៉ង់ ស្របទៅតាមកិច្ចប្រឹងប្រែងស្វែងរក សន្តិភាពរបស់អង្គការសហប្រជាជាតិ។ កិច្ចចរចានៅពេលនេះផងដែរ ក៏មានសន្ទុះជាវិជ្ជមាន ចាប់តាំងពីអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ យល់ព្រមចុះកិច្ចព្រមព្រៀងសន្តិភាពស្ដារទំនាក់ទំនងការទូត នឹងគ្នាឡើងវិញ ក្រោមការសម្របសម្រួលពិចិន កាលពីពេលថ្មីនេះ។

បើតាមទីភ្នាក់ងារសារព័ត៌មានរបស់ក្រុមហ៊ូស៊ី សាបា (SABA) ប្រេសិតអារ៉ាប៊ីសាអូឌីត និងអូម៉ង់ បានធ្វើដំណើរទៅដល់ទីក្រុងសាណាកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ហើយគ្រោងនឹង ពិភាក្សា ជាមួយប្រធានឧត្តមក្រុមប្រឹក្សានយោបាយហ៊ូស៉ី សំដៅរកច្រកចេញបញ្ចប់ជម្លោះ និងការលុបចោល ការបិទខ្ទប់កំពង់ផែយេម៉ែន ពីសំណាក់អារ៉ាប៊ីសាអូឌីត ក៏ដូចជាការដោះដូរ អ្នកទោសជាដើម។

ប៉ុន្តែ ខាងអារ៉ាប៊ីសាអូឌីតមិនទាន់បានធ្វើការអត្ថាធិប្បាយអ្វីនៅឡើយទេ ឆ្លើយតបទៅនឹងការចុះ ផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយហ៊ូស៉ី៕