(ភ្នំពេញ)៖ នៅក្នុងអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយម្ចាស់សហគ្រាស ធុនតូច និងមធ្យម ក៏ដូចជាអ្នកធ្វើធុរកិច្ចនៅកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្ត និងផ្តល់នូវទស្សនៈមួយចំនួន ៥ចំណុច ដើម្បីរួមចំណែកដល់ការបង្កើនសម្ទុះនៃ ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាលើកកម្ពស់បរិយាកាសធុរកិច្ច ឱ្យកាន់តែប្រសើរ។

ទស្សនៈទាំង ៥ចំណុច របស់សម្តេចតេជោ ហ៊ុន សែន រួមមាន៖
* ទី១៖ សម្តេចលើកទឹកចិត្តឱ្យសហគ្រិន ក្នុងវិស័យសហគ្រាស ធុនតូច និងមធ្យម និងសិប្បកម្ម កម្ពុជា បង្កើនសមត្ថភាពពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន និងបានលើកទឹកចិត្តឱ្យក្រសួង ស្ថាប័ន ខិតខំបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយ ក៏ដូចជាការកាត់បន្ថយថ្លៃនៃការ ធ្វើធុរកិច្ច សំដៅជំរុញផលិតភាព និងភាពប្រកួតប្រជែងរបស់កម្ពុជា។
* ទី២៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវសហការជាមួយក្រសួង ពាណិជ្ជកម្ម សម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យមកម្ពុជា និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា អភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល សម្រាប់លើក កម្ពស់សមត្ថភាពរបស់សហគ្រិន ធុរជន នវធុរជន និងសមត្ថភាពស្ថាប័នរបស់សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដើម្បីបង្កើនប្រសិទ្ធភាព និងភាពធន់នៃធុរកិច្ច។

* ទី៣៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវសហការជាមួយក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសមាគមមូល និធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាសិក្សាវាយតម្លៃសេចក្តី ត្រូវការជំនាញ ដើម្បីអភិវឌ្ឍជំនាញស្របតាមតម្រូវការជាក់ស្តែង និងដោះស្រាយបញ្ហាកង្វះជំនាញ ដែលសហគ្រាសធុនតូច និងមធ្យមបាននិងកំពុងជួបប្រទះ។
* ទី៤៖ ក្រសួងពាណិជ្ជកម្មត្រូវដឹកនាំសម្របសម្រួលបង្កើតក្រុមការងារបច្ចេកទេសអន្ដរក្រសួង-ស្ថាប័ន ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មសំដៅកាត់បន្ថយថ្លៃ នៃការធ្វើពាណិជ្ជកម្ម ជំរុញ ការនាំចេញរបស់កម្ពុជា ជាពិសេសផលិតផលកសិ-ឧស្សាហកម្ម ទៅកាន់ប្រទេសដែលមានកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា និងជំរុញការពង្រីកទីផ្សារក្នុងស្រុកឱ្យបានទូលំទូលាយ។

* ទី៥៖ គ្រប់ក្រសួង-ស្ថាប័ន រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពន្លឿនការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងក្រសួង-ស្ថាប័ន រៀងៗខ្លួន និងជំរុញ ការបណ្តុះបណ្តាលមន្ត្រីក្រោមឱវាទឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាឱ្យបានទូលំទូលាយ ដើម្បីបង្កើន ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនធុរជន វិនិយោគិន និងប្រជាជនទូទៅក៏ដូចជាការរួម ចំណែកដល់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាល ឌីជីថល៕

































