(មូស្គូ)៖ តាមការដកស្រង់ចេញផ្សាយពី ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣ អោយដឹងថា ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបានប្រាប់រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី ថាលោកចង់បានការធានាថាទីក្រុងមូស្គូនឹងធ្វើអន្តរាគមន៍ការពារប្រទេសរបស់លោក នៅក្នុងករណី រងការវាយប្រហារណាមួយ។

ការកត់សម្គាល់ខាងលើរបស់លោក លូកាសិនកូ ត្រូវបានដកស្រង់ចេញផ្សាយដោយប្រព័ន្ធផ្សព្វ ផ្សាយរដ្ឋបេឡារុស BelTA និងដែលបានថ្លែងទៅកាន់រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) កំលុងកិច្ចប្រជុំមួយក្នុងទីក្រុងមីនស្កិ៍ ប្រទេសបេឡារុស។ បើតាម BelTA លោក លូកាសិនកូ ក៏បានពិភាក្សាពីបញ្ហាខាងលើ ជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ផងដែរ ហើយលោក ពូទីន បានយល់ស្របថាការធានាសន្តិសុខគឺជារឿងចាំបាច់ និងគួរតែធ្វើឱ្យវា ក្លាយជាកាតព្វកិច្ចមួយ។
សូមជម្រាបថា បេឡារុសនៅក្រោមការដឹកនាំរបស់លោក លូកាសិនកូ គឺជាសម្ព័ន្ធមិត្តមួយរបស់ លោក ពូទីន និងដែលបានអនុញ្ញាតឱ្យកងទ័ពរុស្ស៉ីប្រើប្រាស់ទឹកដីបេឡារុស សម្រាប់បើកការ ឈ្លានពានលើអ៊ុយក្រែនកាលពីឆ្នាំ២០២២។ ដូច្នេះហើយ ទើបមានការសង្ស័យថាបេឡារុស អាចនឹងចូលរួមជាមួយរុស្ស៉ី នៅក្នុងសង្រ្គាមនៅអ៊ុយក្រែន។ តែ ជារឿយៗ លោក លូកាសិនកូ បានអះអាងថាបេឡារុសមិនមានបំណងលូកដៃក្នុងសង្រ្គាមនោះទេ ប៉ុន្តែព្រមានថាប្រទេសរបស់ លោក នឹងចាត់វិធានការឆ្លើយតបទៅនឹង ការឈ្លានពានណាមួយ៕































