លោក ចូ បៃដិន ប្រកាសដកសហរដ្ឋអាមេរិក ចេញពី «ភាពអាសន្នសុខាភិបាលកូវីដ១៩»

 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែ មេសា ឆ្នាំ២០២៣ គឺ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាស ដកសហរដ្ឋអាមេរិកចេញពី «ភាពអាសន្នសុខាភិបាលថ្នាក់ជាតិ» ជាផ្លូវការហើយ ក្រោយបានដាក់ ចេញអស់រយៈពេលជាង ៣ឆ្នាំមកនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតជំងឺកូវីដ១៩។

សេតវិមានបានឱ្យដឹងថាលោក បៃដិន បានចុះហត្ថលេខាលើច្បាប់មួយដែលត្រូវបានអនុម័តដោយ សភាទាំង២របស់សហរដ្ឋអាមេរិក ក្នុងការបិទបញ្ចប់ភាពអាសន្នថ្នាក់ជាតិ មានពាក់ព័ន្ធនឹងកូវីដ១៩ ដែលផ្ដាច់យកជីវិតប្រជាជនអាមេរិកជាង ១លាននាក់។

គួរបញ្ជាក់ថា តាមរយៈការបិទបញ្ចប់ភាពអាសន្នសុខាភិបាលថ្នាក់ជាតិ ការផ្ដល់ជំនួយរបស់រដ្ឋដូច ជាការធ្វើតេស្ដកូវីដ១៩ និងការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ក៏នឹងត្រូវបាន បិទបញ្ចប់ផងដែរ ខណៈរដ្ឋបាលលោក បៃដិន កំពុងព្យាយាម និងរំដោះសេដ្ឋកិច្ចអាមេរិកចេញពីវិធានការរឹតត្បិត ប្រឆាំងជំងឺមួយនេះ៕