(ម៉ានីល)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែ មេសា ឆ្នាំ២០២៣ អោយដឹងថា ប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក ថ្ងៃអង្គារនេះ បានចាប់ផ្តើម សមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ខណៈដែលសម្ព័ន្ធមិត្តដ៏យូរអង្វែងទាំងពីរនេះ ស្វែងរកការប្រឆាំង នឹងឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើងនៅក្នុងតំបន់។
កងទ័ពប្រមាណជិត ១៨,០០០នាក់ កំពុងចូលរួមក្នុងសមយុទ្ធប្រចាំឆ្នាំមានឈ្មោះជាភាសាហ្វីលីពីន ថា បាលីកាតាន់ (Balikatan) ឬ «ស្មាប្រកៀកស្មា» ដែលជាលើកដំបូងហើយនឹងរួមបញ្ចូលដោយ សមយុទ្ធបាញ់គ្រាប់ពិត នៅតំបន់សមុទ្រចិនខាងត្បូង។ សមយុទ្ធ Balikatan នឹងមាននូវការចុះចត ឧទ្ធម្ភាគចក្រយោធានៅលើកោះហ្វីលីពីនមួយ ដែលស្ថិតនៅឯភាគខាងជើងនៃកោះលូសុន (Luzon) ចម្ងាយជិត ៣០០គីឡូម៉ែត្រ ពីកោះតៃវ៉ាន់។

មេបញ្ជាការកងយន្តហោះចម្បាំងនៃកងម៉ារីនអាមេរិកទីមួយ លោកឧត្តមសេនីយ៍ទោ អេរ៉ិក អូស្ទីន (Eric Austin) បានថ្លែងក្នុងពិធីបើកនាទីក្រុងម៉ានីល យ៉ាងដូច្នេះថា «តាមរយៈសមយុទ្ធនេះ កង កម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិក នឹងពង្រឹងសមត្ថភាពអន្តរប្រតិបត្តិការ បង្កើនជំនាញ និងបំពេញ បន្ថែមសមត្ថភាពរបស់យើងតាមរយៈការសហការគ្នា ដោយធានាថាយើងត្រៀមខ្លួនដើម្បីឆ្លើយតបទៅ នឹងបញ្ហាប្រឈមក្នុងពិភពពិតជាមួយគ្នា»។
គួរបញ្ជាក់ថា សមយុទ្ធខាងលើនេះ ធ្វើឡើងបន្ទាប់ពីការបិទបញ្ចប់ប្រតិបត្តិការយោធាចិនរយៈពេល បីថ្ងៃ កាលពីថ្ងៃចន្ទសប្តាហ៍នេះជុំវិញកោះតៃវ៉ាន់ ឆ្លើយតបទៅនឹងការជួបគ្នារវាងមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន ជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវីន ម៉ាខេធី លើទឹកដី សហរដ្ឋអាមេរិក៕
































