(តៃប៉ិ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ ២០២៣ អោយដឹងថា ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃអង្គារនេះ បាននិយាយថានាវាចម្បាំងចិន ៨គ្រឿង នៅតែបន្តធ្វើប្រតិបត្តិការនៅក្នុងដែនទឹក ជុំវិញកោះតៃវ៉ាន់ មួយថ្ងៃបន្ទាប់ពីទីក្រុង ប៉េកាំង បិទបញ្ចប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ខ្លួន។

ចិនបានបើកធ្វើសមយុទ្ធយោធារយៈពេល ៣ថ្ងៃ នៅជុំវិញកោះតៃវ៉ាន់ ដោយចាប់ផ្ដើមកាលពី ថ្ងៃសៅរ៍សប្ដាហ៍មុន និងបានបញ្ចប់កាលពីថ្ងៃចន្ទម្សិលមិញ ដោយក្នុងសមយុទ្ធនេះ យោធាចិន បានហាត់សមពីរបៀបវាយប្រហារ និងការបិទខ្ទប់ឡោមព័ទ្ធកោះតៃវ៉ាន់។ ការបង្ហាញធ្វើសមយុទ្ធបង្ហាញសាច់ដុំនេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងជំនួបរវាងមេដឹកនាំ តៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន និងប្រធានសភាតំណាងរាស្ត្រអាមេរិក លោក ខេវិន ម៉ាកខាធី ក្នុងរដ្ឋកាលី ហ្វ័រញ៉ា កាលពីសប្ដាហ៍មុន។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ថា វានាចម្បាំងចិន ៨គ្រឿង នៅតែបន្តធ្វើប្រតិបត្តិការនៅក្នុងដែនទឹកជុំវិញកោះតៃវ៉ាន់ ហើយបច្ចុប្បន្ន យោធាតៃវ៉ាន់កំពុងតាម ដានសកម្មភាពនាវាចម្បាំងទាំងនេះ៕































