(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ បានសម្តែង នូវ ការកោតសរសើរ ចំពោះក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលបាន រៀបចំជា «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត ដើម្បីបំបែកកំណត់ត្រាពិភពលោក លើក កម្ពស់កិត្តិនាមរបស់ជាតិ។
តាមរយៈបណ្តាញសង្គមផ្លូវការ លោកបណ្ឌិតបានបញ្ជាក់យ៉ាងដូច្នេះថា «សូមកោតសរសើរ ចំពោះ ការខិតខំរៀបចំរបស់ក្រុមការងារ និងយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមរៀបចំយ៉ាងសកម្ម ចំពោះការ រៀបចំបេះដូង ដើម្បីលើកកម្ពស់កិត្តិនាមរបស់ជាតិយើង»។

សូមជម្រាបថា បេះដូងដែលបានរៀបចំជា «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត គឺបានមកពី ការចូលរួមបត់បេះដូងពីពុកម៉ែ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជនគ្រប់ទិសទីរួចមក ដើម្បីយកមករៀបចំជា «សួនបេះដូង» លើទឹកដីអង្គរដ៏ពិសិដ្ឋនៃយើងទាំងអស់គ្នា ត្រៀមបង្ហាញ ភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា និងត្រៀមបំបែកកំណត់ត្រាពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» ហើយការប្រកាស លទ្ធផលនៃការរាប់បេះដូងនេះ ក៏បង្ហាញនូវវប្បធម៌អរូបិយ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភព លោកផងដែរ។

យុទ្ធនាការ BeyondTheGames នឹងរៀបចំការបំបែកឯតទគ្គពិភពលោក «បេះដូងច្រើនជាង គេលើពិភពលោក» ជាផ្លូវការ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៤រសៀលតទៅ នៅបរិវេណប្រាសាទអង្គរវត្ត៕
































