(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានថ្លែងពីការឡើងចុះនៃតម្លៃប្រេងនៅលើពិភពលោក ដែលធ្វើឲ្យតម្លៃប្រេងសាំង នៅកម្ពុជា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរកើនឡើងបន្តិចដែរ។
សម្តេចតេជោបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសផលិតប្រេងនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលបានជួយ គ្រប់គ្រង លើការលក់ប្រេងរបស់ក្រុមហ៊ុនឯកជន ធ្វើយ៉ាងណាកុំឲ្យមានការដំឡើងថ្លៃប្រេងតាម អំពើចិត្ត។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មកដល់ពេលនេះកម្ពុជាមានរថយន្តចំនួនជាង ១លានគ្រឿង និងម៉ូតូជាង៥លានគ្រឿង ដែលធ្វើឲ្យមានតម្លៃការប្រេងឥន្ធនៈ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញក្នុងពិធីសម្ពោធដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ឥឡូវប្រទេសរបស់យើងមានរថយន្តជាង ១លានគ្រឿង និងម៉ូតូជាង៥លានគ្រឿង វាច្រើនណាស់ មួយថ្ងៃៗសាំងនោះស្រែកនោះៗ ហើយឥឡូវសាំងវាឡើង ថ្លៃ តែមិនយូរទេវាឡើងចុះៗ យើងមិនមែនប្រទេសផលិតប្រេងទេ ប៉ុន្តែយើងជួយគ្រប់គ្រងកុំឲ្យដំឡើង ថ្លៃតាមចិត្ត»។

សូមជម្រាបថា រាជរដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុននាំចូល ដើម្បីធានាថាបរិមាណប្រេងនឹងមានគ្រប់គ្រាន់សម្រាប់លក់ និងរក្សាតម្លៃប្រេងសម្រាប់លក់រាយ (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) ឱ្យមានតម្លៃសមរម្យមួយ មិនឱ្យឡើងថ្លៃហួសពេកឡើយ ខណៈក្រុមហ៊ុននាំចូលមានស្តុកប្រេងសម្រាប់ផ្គត់ផ្គង់ តាមការតម្រូវផងដែរ។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ធ្លាប់បានបញ្ជាក់ប្រាប់ថា អ្វីដែលធ្វើឱ្យតម្លៃប្រេងប្រែប្រួល គឺបណ្តាលមកពីតម្លៃប្រេង នៅលើទីផ្សារអន្តរ ជាតិ នាំឱ្យតម្លៃប្រេង លក់រាយនៅកម្ពុជាឡើង ឬថយចុះ ប៉ុន្តែសម្រាប់កត្តាដែលរាជរដ្ឋាភិបាល អាចគ្រប់គ្រងនៅក្នុង ស្រុកបាន ដូចជាពន្ធគយ ពន្ធលើប្រាក់ចំណេញជាដើម គឺរក្សានៅដដែល ទាំងអស់។ ហេតុនេះហើយប្រសិនបើតម្លៃប្រេង នៅលើទីផ្សារឡើងខ្ពស់ ហើយបង្ខំឱ្យក្រុមហ៊ុនលក់ប្រេងក្នុង តម្លៃថោកជាងតម្លៃ ដែលពួកគេនាំចូលមក នឹងធ្វើឱ្យពួកគេមិនអាចដំណើរការបាននោះទេ។ ប៉ុន្តែយ៉ាងនេះក្តី រដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ ដោយរដ្ឋបានធ្វើការឧបត្ថម្ភធនជាបន្ត បន្ទាប់៕
































