រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល៖ ប្រទេសអារ៉ាប់មួយទៀត អាចនឹងចូលរួមក្នុងកិច្ចព្រមព្រៀងសន្តិភាព Abraham ក្នុងឆ្នាំនេះ


 (ហ្ស៊េរុយសាឡិម)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ គឺ រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក អេលី ខូហិន (Eli Cohen) នៅថ្ងៃពុធសប្ដាហ៍នេះបានបង្ហើបពីបំណងចង់បំពេញទស្សនកិច្ចមួយទៅកាន់ ប្រទេសអារ៉ាប៊ីសា អូឌីត នៅពេលអនាគត ហើយនិយាយថាយ៉ាងហោចប្រទេសអារ៉ាប់មួយបន្ថែមទៀត នឹងភ្ជាប់ទំនាក់ ទំនងការទូតជាមួយអ៉ីស្រាអែល ក្នុងឆ្នាំ២០២៣នេះ។

លោក អេលី ខូហិន ធ្វើការកត់សម្គាល់ខាងលើប្រាប់វិទ្យុកងទ័ពអ៉ីស្រាអែល កំលុងបំពេញទស្សនកិច្ច ទៅកាន់ប្រទេសអាស៊ែបៃហ្សង់។ ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែលរូបនេះ បាន​លើកឡើងថា «គម្រោងនៃដំណើរទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត ស្ថិតនៅលើតុរួចជាស្រេច ដោយមិនទាន់មានការកំណត់ កាលបរិច្ឆេទនោះទេ»។ លោកបន្តថានៅក្នុងឆ្នាំនេះ ប្រទេសអារ៉ាប់ យ៉ាងហោចមួយបន្ថែមទៀតអាចនឹងចូលរួមជាមួយកិច្ចព្រមព្រៀងសន្តិសុខ Abraham Accords ដោយមិនបានលម្អិតអ្វីនោះទេ។ ប៉ុន្តែបានឱ្យដឹងថាបញ្ហាផ្សះផ្សារទំនាក់ទំនងរវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត អាចនឹងត្រូវបានលើកឡើងនៅក្នុងជំនួបរវាងសមាជិក ព្រឹទ្ធសភាអាមេរិកមក ពីគណបក្សសាធារណរដ្ឋ លោក លីនស៉ី ក្រាហាំ (Lindsey Graham) ជាមួយព្រះអង្គម្ចាស់រជ្ជ ទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន នៅក្នុងសប្ដាហ៍នេះ៕