លោក ហ្សេលេនស្គី៖ អ៊ុយក្រែន និងលោកខាងលិច អាចយកឈ្នះរុស្ស៉ី ក្នុងឆ្នាំ២០២៣នេះ

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាទីក្រុងកៀវ និងសម្ព័ន្ធមិត្តលោកខាងលិចអាចយកជ័យជម្នះលើរុស្ស៉ី ក្នុងឆ្នាំនេះ ខណៈអ៊ុយក្រែនទទួលបានកញ្ចប់ជំនួយយោធាថ្មីដ៏ធំសម្បើម កំលុងលោក ហ្សេលេនស្គីបំពេញទស្សនកិច្ចក្នុងប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣។

នេះ​គឺជាដំណើរទស្សនកិច្ចក្នុងប្រទេសអាល្លឺម៉ង់ជាលើកដំបូងរបស់លោក ហ្សេលេនស្គី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក ហើយលោក ក៏បានបំពេញទស្សនកិច្ចក្នុងប្រទេសអ៉ីតាលីផងដែរកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ កាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «បច្ចុប្បន្ន គឺជាពេលសម្រាប់ពួកយើងកំណត់ទីបញ្ចប់នៃ សង្រ្គាមនៅក្នុងឆ្នាំនេះ។ យើងអាចធ្វើ​ឱ្យពួកឈ្លានពានបរាជ័យជាអចិន្ត្រៃយ៍ក្នុងឆ្នាំនេះ»៕