(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៣នេះ បានប្រាប់ដល់បណ្តាមិត្តបរទេស សូមសម្លឹងមើលកម្ពុជា ឲ្យផុតពីកម្ពុជា ព្រោះកម្ពុជា ជាសមាជិកអាស៊ានទាំង ១០ប្រទេស ហើយកម្ពុជាមានសិទ្ធិវេទោ (មិនឯកភាព) បើអាស៊ាននឹងគ្មាន កង់សង់ស៉ីស (ការឯកភាពរួម) នោះមិនអាចចេញសេចក្តីថ្លែងការណ៍រួមបានទេ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់សម្តេចធុញទ្រាន់នឹងបរទេសមួយចំនួន ដែល បានលូកលាន់ចូលកិច្ចការងារផ្ទៃ ក្នុងរបស់កម្ពុជា ពាក់ព័ន្ធការអនុវត្តលទ្ធិប្រជាធិបតេយ្យ ខណៈការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាន់តែខិតជិតមកដល់នោះ។

យ៉ាងណាសម្តេចបញ្ជាក់ថា ការលើកឡើងពីបញ្ហានេះ មិនមែនជាការប្រដៅដល់បណ្តាបរទេសជា មិត្ត ឬយកវេទិកាសាធារណៈ ដើម្បីស្តីឲ្យមិត្តបរទេសនោះទេ តែជាការនិយាយត្រង់ជាមួយគ្នា ហើយបើគ្មានវត្តមានរបស់បណ្តាទូតបរទេសក្នុងកម្មវីធី ក៏សម្តេចនៅតែនិយាយដែរ ព្រោះមិនចង់ ឃើញនូវការជ្រៀតជ្រែកកិច្ចការងារផ្ទៃក្នុងរបស់កម្ពុជានោះទេ។ ដោយសារតែការជ្រៀតជ្រែកនេះហើយ បានជាខ្មែរស្លាប់មនុស្សរាប់លាននាក់ ប្រទេសខ្លះតាំង ខ្លួនជាប្រទេសប្រជាធិបតេយ្យ តែគាំទ្ររដ្ឋប្រហារយោធា, តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យតែ គាំទ្រខ្មែរក្រហម នៅអង្គការសហប្រជាជាតិ ហើយពួកគេមិនបានបង្ហាញនូវការសោកស្តាយ សូម្បី តែមួយម៉ាត់។

ថ្លែងក្នុងពីវេទិកាសាធារណៈ ក្នុងឱកាសអញ្ជើញសម្ពោធ អគារព្យាបាលកម្រិតអន្តរជាតិ នៅមន្ទីរ ពេទ្យកាល់ម៉ែត តម្លៃជាង ៧០លានដុល្លារ នៅព្រឹកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ យ៉ាងដូច្នេះថា «កម្ពុជាអត់ទៅស្នើសុំប្រទេសណា មកជ្រៀតជ្រែកកិច្ចការរបស់ខ្លួនទេ ហើយក៏មិន ទទួលដែរ ក្រែងថ្ងៃក្រោយមានការប៉ះពាល់ ទើបនិយាយថ្ងៃនេះតែម្តងទៅ ខ្ញុំធុញទ្រាន់រឿងបញ្ហាជ្រៀត ជ្រែកនេះ។ នៅលើគោកសោះ ពន្យល់មិនព្រមយល់ ឥឡូវអ្នកឯងនៅក្នុងទឹក ខ្ញុំក៏មិនព្រមជឿអ្នកឯង ដែរ មានសិទ្ធិដូចគ្នា។ ខ្ញុំត្រូវប្រើរូបមន្តតថ្លៃ អ្នកឯកជឿខ្ញុំអត់ បើអ្នកឯងមិនជឿ ខ្ញុំក៏មិនជឿអ្នកឯង ហើយអ្នកទាំងអស់ត្រូវមើលកម្ពុជា ឲ្យផុតពីកម្ពុជា សុំកុំភ្លេចកម្ពុជាជាសមាជិកអាស៊ាន កម្ពុជាមាន សិទ្ធិវេទោ កាលណាគ្មានកុងសង់ស៉ីស គឺបានសេចក្តីថាអត់ដោះស្រាយបញ្ហាបានទេ អីចឹងបើគោល ដៅរបស់អ្នកឯកចង់បានអី បើខ្ញុំមិនឲ្យ គឺនៅតែអត់»។

សម្តេចតេជោបញ្ជាក់ថា ការលើកឡើងរបស់សម្តេចនេះ គឺគ្រាន់តែជាការពន្យល់ឲ្យទូតមួយចំនួន បានដឹងប៉ុណ្ណោះ ព្រោះទូតខ្លះមកធ្វើការងារទូត ប៉ុន្តែមិនបានយល់ពីអ្វីជារចនាសម្ព័ន្ធអាស៊ាននោះទេ ប្រឹងសង្កត់កម្ពុជា ដែលស្មើនឹងសង្កត់អាស៊ានទាំងមូលដែរ កម្ពុជាជាសមាជិកសកម្មមួយរបស់ អាស៊ាន ដែលទើបតែបញ្ចប់ការធ្វើជាម្ចាស់ផ្ទះអាស៊ាន កាលពីឆ្នាំ២០២២។
ជាមួយគ្នានេះ សម្តេចបានបញ្ជាក់ថា សម្តេចបានកាន់ញញួរធ្វើប្រធានអាស៊ាន ៣លើករួមមកហើយ តែសម្តេចមិនប្រាថ្នា ចង់កាន់ញញួរធ្វើជាប្រធានអាស៊ាន លើកទី៤ នៅឆ្នាំ២០៣២នោះទេ៕

































