(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថាទាហានស៊ីឈ្នួលរុស្ស៉ី Wagner បានព្យា យាមលាក់បាំងការស្វែងរកបរិក្ខារយោធាពីបរទេសសម្រាប់ផ្គត់ផ្គង់ នៅក្នុង សង្រ្គាមអ៊ុយក្រែន និងកំពុងសម្លឹងឃើញការប្រើប្រាស់ប្រទេសម៉ាលីជាផ្លូវដឹកជញ្ជូនអាវុធ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅឯសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា ក្រុមហ៊ុន Wagner ដែលកំពុងដឹកនាំការធ្វើសង្រ្គាមក្រោមការគាំទ្រពីកងទ័ពរុស្ស៉ី នៅអ៊ុយក្រែន មានចេតនាក្លែងបន្លំ លិខិតស្នាមក្នុងការដឹកជញ្ជូនបរិក្ខារយោធា ឆ្លងកាត់តាម ប្រទេសម៉ាលី។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងទទួលបានព័ត៌មានថា Wagner កំពុងព្យាយាម ដឹកជញ្ជូនសម្ភារៈដែលត្រូវបានទិញ សម្រាប់ផ្គង់ផ្គង់ សង្រ្គាមរបស់រុស្ស៉ី ដោយឆ្លងកាត់តាមប្រទេស ម៉ាលី និងមានចេតនាក្លែងបន្លំលិខិតស្នាមលើជួញដូរនេះ»។ លោក Matthew Miller បន្ថែមថាក្រុម ហ៊ុន Wagner មានបំណង ទិញបរិក្ខារយោធាពីបរទេស ហើយប្រើប្រាស់ប្រទេសម៉ាលីជាភាគីទី៣ និងជាផ្លូវដឹកអាវុធ៕
































