(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឱ្យដឹងថា មូលហេតុដែល សម្តេចមិនស្នើលើកលែងទោសឱ្យមេដឹកនាំក្រុមប្រឆាំង ដែលសំដៅទៅលើ លោក កឹម សុខា អតីត ប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ក៏ដោយសារតែសម្តេចមិនទុកចិត្តបរទេស ដែលធ្វើនយោ បាយចាប់ដៃជាន់ជើង។
ការអះអាងនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញសម្ពោធ អគារព្យាបាលកម្រិតអន្តរជាតិ នៅមន្ទីរពេទ្យកាល់ម៉ែត តម្លៃជាង ៧០លានដុល្លារ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ ដោយមានវត្តមានទូតបារាំង ទូតជប៉ុន និងទូតប្រទេសមួយចំនួនទៀត។

សម្តេចតេជោ បានរំលឹករឿងកន្លងទៅដែលថា បរទេសទាំងនោះបានធ្វើការជាមួយសម្តេច ហើយ បន្ទាប់មកទៅធ្វើការជាមួយជនដែលតុលាការបានកាត់ទោសហើយ កំពុងនៅជាប់ឃុំ។
សម្តេចបានបន្តថា «អស់លោកគិតថាខ្ញុំជាក្មេងបៀមដៃឬ? អស់លោក គិតថាខ្ញុំនេះអាចចាប់ដៃ ជាន់ជើងបាន? អត់ទេសូមបញ្ជាក់ជូនអស់លោក ថ្ងៃក្រោយឱ្យរាងចាលអានយោបាយបែបហ្នឹង»។
លោក កឹម សុខា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ ទោសពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដោយដាក់ ពន្ធនាគារ២៧ឆ្នាំ ព្រមទាំងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និង សិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត។ តុលាការ បានដាក់ជនជាប់ចោទឲ្យស្ថិតក្រោមវិធាន ការត្រួតពិនិត្យតាមផ្លូវការ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន, មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រួសារ។

នៅក្នុងកម្មវិធីដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានព្រមានថា ប្រសិនបើថ្ងៃក្រោយ នរណាហ៊ាន អន្តរាគមន៍ចំពោះបុគ្គលណា បុគ្គលនោះនឹងត្រូវឱ្យអនុវត្តទោសពេញលេញនៅក្នុងពន្ធនាគារ ដោយ មិនមានការបន្ធូរបន្ថយទោស ឬលើកលែងទោស។
សម្តេចបានបន្តថា «មិនចង់ឱ្យមានការជ្រៀតជ្រែកពីបរទេស នេះជាកិច្ចការរបស់កម្ពុជា ហើយសូម មេត្តាកុំភ្ជាប់ទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងប្រទេសអស់លោក ជាមួយនឹងកិច្ចការខ្លះដែលជា កិច្ចការរបស់កម្ពុជា យើងនិយាយគ្នាដោយត្រង់ៗ ព្រោះជិតបោះឆ្នោតហើយ អស់លោកអាចស្រែកពី លិចស្រែកពីកើត អញ្ចឹងវារំខានដល់ពួកខ្ញុំដែរ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកអំពីបស្ចិមប្រទេស ដែលមិនព្រមទទួលយល់នូវអ្វីដែលកម្ពុជា បានពន្យល់អំពីការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាម ដូច្នេះសម្តេចក៏មិនយល់អំពីនាវាមុជទឹកដើរ ដោយថាមពុលនុយក្លេអ៊ែដែរ។
សម្តេចបានបញ្ជាក់ថា៖ «អ្នកឯងមានសិទ្ធិមិនជឿខ្ញុំ ខ្ញុំក៏មានសិទ្ធិមិនជឿអ្នកឯងដែរ អញ្ចឹងដូចករណី តុលាការកាត់ទោស រឿងអីដែលខ្ញុំត្រូវលើកលែងទោស ដោយសារតែខ្ញុំមិនជឿទុកចិត្តពួកបរទេស ដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសខ្ញុំ»។
សម្តេចតេជោបានរំលឹកថា សម្តេចបានដឹកនាំប្រទេសកម្ពុជា ដោយចាប់ផ្តើមពីផ្តួលខ្មែរក្រហមតាំង ពីអាយុ២៥ឆ្នាំ ហើយធ្វើជារដ្ឋមន្ត្រីការបរទេសតាំងពីអាយុ២៧ឆ្នាំ ធ្វើជានាយករដ្ឋមន្ត្រីតាំងពីអាយុ ៣២ឆ្នាំ ដែលរហូតមកដល់ពេលនេះ សម្តេចធ្វើជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ ជាងពាក់កណ្តាលជីវិត។

សម្តេចបានបន្តថា៖ «ខ្ញុំធ្វើនាយករដ្ឋមន្ត្រីតាំងពីអាយុ៣២ឆ្នាំ មកដល់ពេលនេះ ខ្ញុំធ្វើជានាយករដ្ឋ មន្ត្រី៣៨ឆ្នាំ ជាងពាក់កណ្តាលជីវិត មិនមែនថ្នាក់ដល់ខ្ញុំល្ងង់ហើយមិនចេះឆ្លើយតបជាមួយសភាព ការណ៍ទេ ដែលខ្ញុំសូមឱ្យយល់ថា ពីនេះទៅដល់ការបោះឆ្នោត សូមឱ្យអស់លោកស្ងៀមស្ងាត់ ទុកឱ្យ យើងខ្ញុំប្រើប្រាស់នូវវិធានក្នុងស្រុកដើម្បីដោះស្រាយបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា»៕

































