(ការ៉ាកាស់)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ អោយដឹងថា ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៊ី នៅថ្ងៃចន្ទសប្ដាហ៍នេះបានផ្ដើម បំពេញដំណើរទស្សនកិច្ចដ៏កម្រមួយ ទៅកាន់តំបន់អាមេរិកឡាទីន ជាមួយការឈប់សំចតមុនគេក្នុង ទីក្រុង ការ៉ាកាស់ នៃប្រទេសវ៉េណេស៊ុយអេឡា ជាទីដែលលោកបាននិយាយថាប្រទេសរបស់លោក និងវ៉េណេស៊ុយអេឡា គឺជាមិត្តនឹងគ្នាដែលមានសត្រូវរួម។

បើតាមការគ្រោងទុក លោក រ៉ៃស៊ី ក៏នឹងត្រូវបំពេញទស្សនកិច្ចផងដែរទៅកាន់ប្រទេសគុយបា និង នីការ៉ាហ្កា ដែលដូចគ្នាទៅនឹងអ៉ីរ៉ង់ រួមទាំងវ៉េណេស៊ុយអេឡា សុទ្ធតែ កំពុងស្ថិតនៅក្រោមការដាក់ ទណ្ឌកម្មពីសហរដ្ឋអាមេរិក។ ក្នុងសុន្ទរកនៅឯសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយមិនបានបញ្ជាក់អ្វីលម្អិត លោក រ៉ៃស៊ី បានគូសបញ្ជាក់ដូច្នេះថា «យើងមានផល ប្រយោជន៍រួម ចក្ខុវិស័យរួម ហើយមានសត្រូវរួម»។ ប្រធានាធិបតីអ៉ីរ៉ង់រូបនេះ បន្ថែមទៀតថា ទំនាក់ទំនងរវាងអ៉ីរ៉ង់ និងវ៉េណស៊ុយអេឡា មិនមែនជាទំនាក់ទំនងការទូតធម្មតាមួយនោះទេ ប៉ុន្តែគឺជាទំនាក់ទំនងយុទ្ធសាស្ត្រ។ លោក រ៉ៃស៊ី មិនបានបញ្ជាក់ ឈ្មោះសត្រូវ ដែលលោកបាន លើកឡើងនោះទេ តែគេដឹងច្បាស់ថា លោកចង់សំដៅទៅលើសហរដ្ឋអាមេរិក ៕
































