(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នេះ បានបន្តអំពាវនាវដល់ម្ចាស់ផ្ទះជួល កុំដំឡើងថ្លៃផ្ទះ ក្នុងពេលដែលកម្មករកម្មការិនីដំឡើង ប្រាក់ឈ្នួល។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវបែបនេះក្នុងឱកាសសម្តេចបន្តចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។

ការអំពាវនាវរបស់សម្តេចតេជោដោយសារតែកន្លងនៅពេលដែលមានការដំឡើងប្រាក់ឈ្នួលដល់កម្មករក្នុងវិស័យកាត់ដេរ ម្ចាស់ផ្ទះជួលមួយចំនួនតែងតែឆ្លៀតឱកាសក្នុងការដំឡើងថ្លៃដែរ។
សម្តេចបានថ្លែងបញ្ជាក់ថា៖ «ខ្ញុំមានការអំពាវនាវកុំឱ្យមានការដំឡើងថ្លៃផ្ទះជួល ក្នុងពេលស្ថានភាព ដែលយើងដំឡើងប្រាក់បៀវត្សបានតិចតួច យកបានតិចប្រសើរជាងយកអត់បាន។ នៅតែបន្តអំពាវនាវ ព្រោះកាលពីមុនកម្មករឡើង១០ដុល្លារ ម្ចាស់ផ្ទះឡើង១៥ដុល្លារ ចឹងធ្វើម៉េចឡើង ទាន់ថ្ងៃឈ្នួល?។»

សម្តេចបានកត់សម្គាល់ថា ចាប់តាំងពីសម្តេចបានអំពាវនាវមក ម្ចាស់ផ្ទះជួលមួយចំនួនមានការ យោគយល់មិនដំឡើងថ្លៃជួលដល់កម្មករនោះទេ ដែលផ្តល់ឱកាសឱ្យកម្មករកម្មការិនីនៅសល់ប្រាក់ សមរម្យ ខណៈថ្លៃទឹក ថ្លៃភ្លើង ក៏ត្រូវរាជរដ្ឋាភិបាលបានអនុវត្តល្អប្រសើរផងដែរ។
សូមជម្រាបផងដែរថា សម្រាប់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិត ក្នុងវិស័យវាយណភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ ក្នុងឆ្នាំ២០២៣នេះ ត្រូវបានដំឡើងដល់ ចំនួន២០០ដុល្លារក្នុងមួយខែ៕

































