(ភ្នំពេញ)៖ លោក ស ឡុងដេត មន្ត្រីគណបក្សភ្លើងទៀន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បាន ចេញវីដេអូមួយ ដើម្បីសុំទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា និងប្រកាសផ្តាច់ខ្លួនពីបុគ្គល សម រង្ស៉ី ព្រមទាំងស្នើសូមចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

តាមរយៈវីដេអូនេះ លោក ស ឡុងដេត បានបញ្ជាក់យ៉ាងដូច្នេះថា «ទង្វើរបស់កូនចៅកន្លងមក កូនចៅសូមអភ័យទោស ហើយចាប់ពីថ្ងៃនេះទៅ កូនចៅសូមផ្តាច់ខ្លួន ពីបុគ្គល សម រង្ស៉ី»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន តាមរយៈ Telegram បានទទួលនូវការសុំទោសរបស់ លោក ស ឡុងដេត ហើយសម្តេចថែមទាំងស្នើដល់ក្រសួងយុត្តិធម៌ និងដើមបណ្តឹង បញ្ចប់រឿងក្តី ដែលលោក ស ឡុងដេត រិះគន់ព្រឹត្តិការស៉ីហ្គេម លើកទី៣២ ផងដែរ។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយដឹងនូវកំហុសលោក ស ឡុងដេត បានធ្វើការសុំ ទោសដូចមានក្នុងវីដេអូនេះ។ ដោយសាម៉ីខ្លួនបានដឹងកំហុស និងបានសុំទោសជាសាធារណៈ ខ្ញុំស្នើសុំដល់ក្រសួងយុត្តិធម៌ ធ្វើការជាមួយដើមបណ្តឹង និងតុលាការ ដើម្បីបញ្ចប់រឿងក្តីនេះតាមវិធី ដែលអាចធ្វើទៅបានដូចជាការដកពាក្យបណ្តឹង ឬលើកលែងការចោទប្រកាន់»៕
































