កងកម្លាំងឆេឆេនី ចុះកុងត្រាជាមួយក្រសួងការពារជាតិរុស្ស៉ី ក្រោយទាហាន Wagner ជំទាស់


 (មូស្គូ)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែ មិថុនា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាន ប្រកាស​ថា ខ្លួនបានចុះហត្ថលេខាលើកុងត្រាជាមួយក្រុមអាខ្មាត់ (Akhmat)នៃកងកម្លាំងពិសេស របស់សាធារណៈរដ្ឋឆេឆេនីមួយថ្ងៃបន្ទាប់ពីថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលក្នុងប្រទេសរុស្ស៉ី លោក យេវហ្គេនី ព្រីហ្គូហ្ស៉ីន (Yevgeny Prigozhin) បានបដិសេធធ្វើដូច្នេះ។

ក្រុមទាហានប៉ារ៉ា Akhmat ដែលជារឿយៗត្រូវបានគេហៅថាជាកងទ័ពឯកជនរបស់ លោក រ៉ាំហ្សាន់ កាឌីរ៉ូវ (Ramzan Kadyrov) មេដឹកនាំនៃសាធារណរដ្ឋ ឆេឆេនីរបស់រុស្ស៉ី។ មេបញ្ជាការក្រុម Akhmat លោក អាប់ទី អាឡូឌីនូវ (Apty Alaudinov) បាននិយាយថា អង្គភាពរបស់ខ្លួនបាន «រៀបចំ និងបញ្ជូន អ្នកស្ម័គ្រចិត្តរាប់ម៉ឺននាក់» ទៅអ៊ុយក្រែនក្នុងរយៈពេល ១៥ខែកន្លងមកនេះ។ បើតាមទីក្រុងមូស្គូ កងកម្លាំង Akhmat កំពុងធ្វើការវាយលុកនៅជិត ទីប្រជុំជន ម៉ារីយីនកា (Maryinka) ក្នុងតំបន់ដូណេត (Donetsk) ដែលស្ថិតនៅឯភាគខាងកើតអ៊ុយក្រែន៕