(ភ្នំពេញ)៖ នៅថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តចុះជួបសំណេះសំណាលជា មួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការ អាជីវកម្មក្នុងរាជធានីភ្នំពេញ។ ជំនួបសំណេះសំណាលធ្វើឡើង នៅទីតាំងដីមួយកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ។

ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កាលពីឆ្នាំ២០១៧ និង២០១៨ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីនៅរាជធានីភ្នំពេញចំនួន១៤ដងរួចមកហើយ ដោយមានកម្មករ កម្មការិនី ចូលរួមជាង២១ម៉ឺននាក់។
បើតាមឯកឧត្តម រដ្ឋមន្ត្រី បានឱ្យដឹងថា រោងចក្រ សហគ្រាសទាំង៩ ដែលអនុញ្ញាតឱ្យកម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោ រួមមាន៖ រោងចក្រកាត់ដេរចំនួន៦, ផលិតផលធ្វើ ដំណើរ និងកាបូបចំនួន១ និងដេរស្បែកជើងចំនួន២។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញ ទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងជប៉ុន។ល។
រាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជា គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងវិនិយោគដ៏មាន សក្តានុពល ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ រាជធានីភ្នំពេញ មានរោងចក្រ សហគ្រាសចំនួន៩,៣១៤ មានកម្មករ និយោជិតជាង ៦៦ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន៧២៧ មានកម្មករនិយោជិតសរុបជាង ៣៣ម៉ឺន ៨ពាន់នាក់៕
































