ប្រជាជនបារាំង ផ្ទុះកំហឹង ក្រោយប៉ូលិសបាញ់សម្លាប់យុវជនអាយុ ១៧ឆ្នាំម្នាក់ នៅជាយទីក្រុងប៉ារីស


 (ប៉ារីស)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ អោយដឹងថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងក្រុមបាតុករ និងប៉ូលិស បន្ទាប់ពី សាធារណ​​ជនផ្ទុះកំហឹងខឹងសម្បារ ជុំវិញហេតុការណ៍ដែលយុវជនម្នាក់ មានអាយុ ១៧ឆ្នាំ ត្រូវបាន បាញ់សម្លាប់នៅ​ឯតំបន់ណង់ទែរ (Nanterre) ស្ថិតនៅជាយទីក្រុងប៉ារីស ប្រទេសបារាំង ដោយសារ តែមិនព្រមអនុវត្ត តាមបទបញ្ជារបស់ប៉ូលិសដែលឱ្យរូបគេឈប់ឡានជាបន្ទាន់។

យុវជនខាងលើត្រូវបានគេរាយការណ៍ថា បានបើកបររថយន្តមួយគ្រឿង នៅក្នុងតំបន់ភាគខាង លិចនៃទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា នៅពេលដែលប៉ូលិសតាមឃាត់រូបគេ សម្រាប់ការបំពានច្បាប់បើកបរជាច្រើនករណី។ វីដេអូមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមដែលត្រូវបាន ផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារសារព័ត៌ មាន AFP បានបង្ហាញថាប៉ូលិស២នាក់ បានព្យាយាមបញ្ឈប់រថយន្ដមួយគ្រឿង ដោយពេលនេះ ដែរមានប៉ូលិស ម្នាក់ បានភ្ជង់កាំភ្លើងតាមទ្វាររថយន្ត ហើយក៏ស្រាប់តែបាញ់យកតែម្ដង នៅពេល យុវជនរូបនោះបន្តបើកបរទៅមុខ៕