កុមារ ៧០០,០០០នាក់មកពីតំបន់ជម្លោះនៅអ៊ុយក្រែន កំពុងរស់នៅក្នុងប្រទេសរុស្ស៉ី

(មូស្គូ)៖ លោក ហ្រ្គីហ្គោរី ការ៉ាស៉ីន (Grigory Karasin) ប្រធានគណៈកម្មាធិការអន្តរជាតិនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៉ី បាននិយាយកាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងទៅនេះថា ទីក្រុងមូស្គូបាននាំកុមារប្រមាណ ៧០០,០០០នាក់ ចេញពីតំបន់ជម្លោះក្នុងប្រទេសអ៊ុយក្រែនចូលទៅក្នុងទឹកដីរុស្ស៉ី។ នេះបើ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣។

ទីក្រុងមូស្គូនិយាយថា កម្មវិធីរបស់ខ្លួនក្នុងការនាំកុមារពីអ៊ុយក្រែនទៅរុស្ស៉ីគឺដើម្បីការពារកុមារកំព្រា និងកុមារដែលត្រូវបានបោះបង់ចោល នៅក្នុងតំបន់ជម្លោះ។ លោក ការ៉ាស៉ីន បានសរសេរនៅលើបណ្តាញ Telegram យ៉ាងដូច្នេះថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ កុមារចំនួន ៧០០,០០០នាក់ ត្រូវបានរកឃើញថាបានភៀសខ្លួនមកជាមួយពួកយើង ដែលជាការភៀសខ្លួនចេញពីការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងនៃតំបន់ជម្លោះ ក្នុងប្រទេសអ៊ុយក្រែន»

យ៉ាងនេះក្តី អ៊ុយក្រែនបានអះអាងថា កុមារជាច្រើនត្រូវបាននិរទេសដោយខុសច្បាប់ ខណៈសហរដ្ឋអាមេរិកនិយាយថា កុមាររាប់ពាន់នាក់ត្រូវបានបណ្តេញ ចេញពីផ្ទះរបស់ពួកគេដោយបង្ខំ។ នៅក្នុងខែកក្កដា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា រុស្ស៊ីបាននិរទេសដោយបង្ខំលើកុមារចំនួន ២៦០,០០០នាក់ ខណៈទីក្រុងកៀវថា កុមារអ៊ុយក្រែនចំនួន ១៩,៤៩២នាក់ត្រូវបាននិរទេសទៅរុស្ស៉ីដោយខុសច្បាប់៕