(ញូដេលី)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ បញ្ជាក់ថា ឥណ្ឌា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសកិច្ចព្រមព្រៀង ទិញយន្តហោះចម្បាំងបារាំង Rafale បន្ថែម ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ខណៈ លោក នាយករដ្ឋមន្ត្រី ណារិន ដ្រាម៉ូឌី (Narendra Modi) កំពុងបំពេញទស្សនកិច្ចក្នុងទីក្រុងប៉ារីសរយៈ ពេល ២ថ្ងៃ ហើយគេនឹងបានឃើញលោកចូលរួមជាភ្ញៀវកិត្តិយស នៃការប្រារព្ធបុណ្យជាតិបារាំង។

ក្រសួងការពារជាតិឥណ្ឌា បានប្រកាសថា ទីក្រុងញូដេលី មានបំណងបញ្ជាទិញយន្តហោះ Rafale ចំនួន ២៦គ្រឿង ព្រមទាំងនាវាមុជទឹកប្រភេទស្ក័រពែន (Scorpene-class) ចំនួន ៣គ្រឿង ដោយ តម្លៃ និងលក្ខខណ្ឌផ្សេងទៀតកំពុងស្ថិតក្នុងដំណើរការចរចា។ ថ្លែងចេញពីទីក្រុងប៉ារីស និងនៅ ចំពោះមុខប្រជាជនឥណ្ឌាជាច្រើននាក់ ក្នុងប្រទេសបារាំង កាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ម៉ូឌី បានគូសបញ្ជាក់ថា «ភាពស្និទ្ធស្នាលនេះមិនត្រូវបានកំណត់ចំពោះតែមេដឹកនាំនៃ ប្រទេសទាំងពីរ ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាពមិនផ្លាស់ប្តូររវាងឥណ្ឌា និងបារាំង»៕































