(ហ្សាការតា)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ ប្រាប់ថា ក្រុមរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន បានអះអាង ឡើងវិញសាជាថ្មីពីគោលជំហររបស់ខ្លួនថាផែនការសន្តិភាព ៥ចំណុច នៅតែ ជាគោលការណ៍ ចម្បងក្នុងការដោះស្រាយវិបត្តិនយោបាយដែលកំពុងឡើងកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយចេញផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍សបា្ដហ៍នេះ ក្រុមប្រមុខ ការទូតអាស៊ានក៏បានថ្កោលទោសផងដែរចំពោះអំពើហិង្សាដែលនៅតែ បន្តកើតមាននៅមីយ៉ាន់ម៉ា ក្នុងនោះមានដូចជាការវាយប្រហារតាមផ្លូវអាកាស ការបាញ់ផ្លោងកាំភ្លើងធំ និងការបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
សេចក្ដីថ្លែងការណ៍រួមនេះដដែលបានគូសបញ្ជាក់ដូច្នេះថា «ក្រុមរដ្ឋមន្ត្រីការបរទេសបានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមធ្វើសកម្មភាពជាក់ស្ដែង ដើម្បីបញ្ឈប់ជាបន្ទាន់ នូវអំពើហិង្សាគ្រប់ទម្រង់ទាំងអស់ ព្រមទាំងថ្កោលទោសរាល់សកម្មភាពដែលនាំឱ្យអំពើហិង្សាកើនឡើង»។ ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានលើកឡើងផងដែរពី ភាពចាំបាច់ក្នុងការបង្កើតបរិយាកាស អំណោយផលសម្រាប់កិច្ចការផ្ដល់ជំនួយមនុស្សធម៌ និងការរៀបចំកិច្ចសន្ទនាថ្នាក់ជាតិប្រកបដោយ បរិយាបន្ន៕































