(អង់ការ៉ា)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានពិភាក្សាអំពីបញ្ហា អ៊ុយក្រែនជាមួយសមភាគីតួកគីរបស់លោក នៅក្នុងទីក្រុងអង់ការ៉ា ហើយបានជួប លោកប្រធានា ធិបតី តាយីព អឺដូហ្កាន់ (Tayyip Erdogan) កាលពីថ្ងៃពុធសប្តាហ៍នេះ អំឡុងដំណើរទស្សនកិច្ច ក្រៅប្រទេសជាលើកដំបូង បន្ទាប់ពីត្រូវបាន តែងតាំងជារដ្ឋមន្ត្រីការបរទេសសាជាថ្មី។

ការពិភាក្សារវាង លោក វ៉ាង និងរដ្ឋមន្ត្រីការបរទេសតួកគី លោក ហាកាន់ ហ្វីដាន់ (Hakan Fidan) រួមមានការវិវត្តចុងក្រោយបង្អស់នៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជាប្រព័ន្ធហិរញ្ញវត្ថុសកល។ រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានជជែកគ្នាអំពីការអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងតួកគី និងចិនផងដែរ។
ការិយាល័យប្រធានាធិបតី បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា អំឡុងពេលនៃកិច្ចពិភាក្សា ជាមួយ លោក វ៉ាង លោក អឺដូហ្កាន់ បានសម្តែងក្តីសង្ឃឹមថា តួកគី-ចិន នឹងពង្រឹងកិច្ចសហប្រតិបត្តិ ការរបស់ពួកគេ ខណៈប្រទេសទាំងពីរដើរតួយ៉ាងសំខាន់ក្នុងបញ្ហាពិភពលោក និងតំបន់៕































