(បាងកក)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣ អោយដឹងថា ប្រធានរដ្ឋសភាថៃនៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ការបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្រ្តី ក្នុងសម័យប្រជុំរួមរដ្ឋសភានិងព្រឹទ្ធសភា ដែលគ្រោងធ្វើឡើងក្នុងសប្តាហ៍ នេះ គឺត្រូវបានពន្យារពេល។
ការពន្យារពេលខាងលើកើតឡើង បន្ទាប់ពីតុលាការធម្មនុញ្ញថៃ នាថ្ងៃព្រហស្បតិ៍នេះ បានប្រកាស លើកពេលសម្រេចចិត្តលើសំណុំរឿងមួយ ដែលតវ៉ាចំពោះការបដិសេធរបស់សភា កាលពីពេល កន្លងទៅ ក្នុងការអនុញ្ញាតឱ្យមេដឹកនាំគណបក្សដែលឈ្នះឆ្នោត Move Forward គឺ លោក ភីថា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ទទួលបានឱកាសលើកទី២ ដើម្បីក្លាយជានាយករដ្ឋមន្រ្តី។ ប្រការនេះកំពុងធ្វើឱ្យ ប្រទេសថៃស្ថិតក្នុងភាពជាប់គាំងផ្នែកនយោបាយ រយៈពេលជិត៣ខែហើយ គិតចាប់តាំងពីការបោះឆ្នោតសកល កាលពីខែឧសភាមក។

កាលពីខែកក្កដា គណបក្ស Move Forward ដែលជាបក្សឈ្នះអាសនៈច្រើនជាងគេ ក្នុងការបោះ ឆ្នោតសកល បានព្យាយាមដឹកនាំកិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលថៃថ្មី ប៉ុន្តែការប៉ុនប៉ងក្លាយជា នាយករដ្ឋមន្រ្តីរបស់លោក Pita ត្រូវបានរាំងខ្ទប់ ក្នុងការបោះឆ្នោតរួមរវាងរដ្ឋសភានិងព្រឹទ្ធសភាថៃ កាលពីថ្ងៃទី១៣ ខែកក្កដា ខណៈមួយសប្តាហ៍ក្រោយពេលនោះ លោក Pita ក៏ត្រូវបានសភាប ដិសេធលែងឱ្យអាចត្រូវតែងតាំងជា បេក្ខជននាយករដ្ឋមន្រ្តីទៀតតែម្តង។
ការិយាល័យទទួលពាក្យបណ្តឹងពលរដ្ឋរបស់ប្រទេសថៃ ក៏បានស្នើឱ្យតុលាការធម្មនុញ្ញកាត់សេចក្តី ថាតើការសម្រេចចិត្តខាងលើរបស់សភា សមស្របតាមរដ្ឋធម្មនុញ្ញដែរឬយ៉ាងណា។ ដោយឡែក នៅថ្ងៃព្រហស្បតិ៍នេះ តុលាការបាននិយាយថា ខ្លួនត្រូវការពេលវេលានិងភស្តុតាងបន្ថែម ដើម្បី សម្រេចថាគួរឬមិនគួរទទួលយកសំណុំរឿង ហើយនឹងពិចារណាលើបញ្ហានោះ នៅថ្ងៃទី១៦ ខែសីហា។
ក្នុងថ្ងៃព្រហស្បតិ៍ដដែលនេះ ប្រធានរដ្ឋសភាថៃ លោក វ៉ាន់ ម៉ូហាម៉ាត់ ណួរ ម៉ាថា (Wan Muhamad Noor Matha) បានប្រកាសថា ការបោះឆ្នោតលើកទី៣ ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តី ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃសុក្រសប្តាហ៍នេះ នឹងត្រូវលើកទៅពេលក្រោយ ពោលគឺត្រូវរង់ចាំការ សម្រេចចិត្តរបស់តុលាការធម្មនុញ្ញ នៅថ្ងៃទី១៦ ខែសីហា សិន៕
































